header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតមានសិទ្ធិប្តឹងជំទាស់ចំបោះលទ្ធផលនៃការប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្នបាន ក្នុងរយៈពេល៧២ម៉ោង  ហើយមានលក្ខ​ខណ្ឌពីរ ដែល គ.ជ.ប ដោះស្រាយបណ្តឹង។ នេះបើតាមមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)។

លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានឲ្យដឹងនៅថ្ងៃទី១៣ សីហា ឆ្នាំ២០១៨ ថាគណបក្សនយោបាយទាំងអស់អាចប្តឹងទំទាស់ចំពោះលទ្ធផលបណ្តោះអាសន្នៈនៃការបោះឆ្នោត ក្នុងរយៈពេល៧២ម៉ោង ក្រោយ គ.ជ.ប ប្រកាស។

លោកបញ្ជាក់ថា « ដើម្បីប្តឹងទៅលទ្ធផលបណ្តោះអាសន្នបក្សនយោបាយត្រូវមានភស្តុតាងបញ្ជាក់អំពីភាពមិនប្រក្រតីណាមួយ ដែលប្រព្រឹត្តិឡើងដោយគណៈកម្មការរៀបចំការបោះឆ្នោត។ អីចឹងចង់លើកឡើងថា ដោយគណៈកម្មការការិយាល័យបោះឆ្នោត ឬដោយគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ឬដោយគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត ឬដោយ គ.ជ.ប។ អីចឹងគាត់ត្រូវមានឯកសាភស្តុតាងច្បាស់លាស់ពីការប្រព្រឹត្តរបស់គណៈកម្មការទាំងនោះ។ នេះជាធាតុផ្សំទី១»

ដើម្បីដាក់ពាក្យប្តឹងជំទាស់នឹងលទ្ធផលបោះឆ្នោតដែរនោះ លោកអគ្គរង គ.ជ.ប ក៏បានគូសបញ្ជាក់ទៀតថា «ធាតុផ្សំទី២ គណបក្សនយោបាយត្រូវបង្ហាញអំពីការដាក់ពាក្យបណ្តឹង មិនប្រក្រតីណាមួយដែលកើតឡើងនៅការិយាល័យបោះឆ្នោត ដែលគាត់ត្រូវប្តឹងទៅគណៈកម្ម ការឃុំ សង្កាត់រៀបចំការបោះឆ្នោតយ៉ាងហោចណាស់១១៖៣០នាទីនៃថ្ងៃទី៣០ កក្កដា ឆ្នាំ ២០១៨ ក្រោយបោះឆ្នោតមួយថ្ងៃ ហើយបណ្តឹងត្រូវប្តឹងតរហូតមក គ.ជ.ប»

លោក សោម សូរីដា ក៏បានលើកឡើងបញ្ជាក់ថា លុះត្រាតែមានធាតុផ្សំទាំងពីរ ទើបអាចឲ្យ គ.ជ.ប ពិចារណាអំពីការសម្រេចបដិសេធលទ្ធផល ឬរក្សាទុកលទ្ធផល។ ប្រសិនបើបដិសេធលទ្ធផលនោះនឹងមានឲ្យមានការបោះឆ្នោតឡើងវិញ ក្នុងរយៈពេល៨ថ្ងៃ បន្ទាប់ពីថ្ងៃបដិសេធលទ្ធផល។

ទាក់ទិននឹងការប្តឹងជំទាស់ចំពោះលទ្ធផលនៃការបោះឆ្នោតនេះដែរ បើតាមលោក សោម សូរីដា បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី១៣ សីហា មានគណបក្សនយោបាយតែមួយប៉ុណ្ណោះ បា នដាក់ពាក្យប្តឹងមក គ.ជ.ប គឺគណបក្សយុវជនកម្ពុជា បានដាក់ពាក្យមក គ.ជ.ប ដើម្បីសុំឲ្យគ.ជ.ប រាប់សន្លឹកឆ្នោតឡើងវិញ។

លោកក៏បានលើកឡើងថា មាត្រា១៣១នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអនុញ្ញាតឲ្យគណបក្សនយោបាយមានសិទ្ធិប្តឹងក្នុងរយៈពេល៧២ម៉ោង បន្ទាប់ពី គ.ជ.ប ប្រកាសលទ្ធផលបណ្តោះអាសន្ន។ លោកថា គណបក្សនយោបាយ ត្រូវមានភស្តុតាងច្បាស់លាស់ផងដែរ។

ចំពោះបណ្តឹងរបស់គណបក្សយុវជនកម្ពុជា ត្រូវបានលោក សោម សូរីដា បានឲ្យដឹងថា គ.ជ.ប នឹងអនុវត្តទៅតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងការដាក់ និងទទួលពាក្យបណ្តឹង ដែលមាននិយាយពីការប្តឹងជំ​ទាស់ក្នុងរយៈពេល៧២ម៉ោង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post