header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ឯកអគ្គរដ្ឋទូត នៃសារធារណៈរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និតិកាលទី៦ ឆ្នាំ២០១៨ នៅកម្ពុជា បានបង្ហាញឲ្យឃើញពីសកម្មភាព នៃការរៀបចំប្រព្រឹត្តិទៅប្រកបដោយសន្តិសុខ សុវត្ថិភាពយ៉ាងល្អ ជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ។

លោក ស៊ូឌីម៉ាន់ ហាសេន ឯកអគ្គរដ្ឋទូតសារធារណៈរដ្ឋឥណ្ឌូនេស៊ី បានការលើកឡើងយ៉ាងដូច្នេះ នៅក្នុងឱកាសអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ឃួង ស្រេង អភិបាល នៃគណអភិបាលរាធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ។

នៅក្នុងជំនួបនេះដែរ លោក ឃួង ស្រេង បានជម្រាបជូនពីការរីកចម្រើន របស់រាជធានីភ្នំពេញ ជាមួយនិងការកើនឡើង នៃកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស តាមរយៈការមកបណ្តាក់ទុនវិនិយោគ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រៅពីនេះ ក៏មានកំណើនប្រជាជន មករស់នៅក្នុងរាជធានីភ្នំពេញ ក៏មានការកើនឡើង ដែលមកដល់ពេលនេះ មានប្រមាណជិត៣លាននាក់ កំពុងរស់នៅ។ ទាក់ទងនិងការរីកចម្រើននេះដែរ លោកអភិបាល ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដែលបាននិងកំពុងជួបប្រទះ ដូចជា បញ្ហាចរាចរណ៍ បញ្ហាសំរាម និងបញ្ហាបរិស្ថាន ដែលទាមទារឲ្យមានការដោះស្រាយ ។

លោក ឃួង ស្រេង បានលើកឡើងពីភាពជោគជ័យ ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ កន្លងទៅនេះ ដោយមិនបានបង្កភាពភ័យខ្លាច ដល់ប្រជាពលរដ្ឋ ចំពោះការរស់នៅ ក៏ដូចជាការប្រកបអាជីវកម្មផ្សេងៗ ខុសពីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ ឆ្នាំ២០១៣ ដែលទាំងនេះ គឺបានកើតចេញពីការខិតខំប្រឹងប្រែង របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយរដ្ឋមន្ត្រី បានខិតខំដើម្បីបម្រើប្រជាជន និងប្រទេសជាតិ ។

ជាមួយគ្នានោះដែរ លោក ស៊ូឌីម៉ាន់ ហាសេន បានបញ្ជាក់ អំពីស្ថានភាពប្រព្រឹត្តិទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅកម្ពុជា បានប្រព្រឹត្តិទៅដោយរលូន ត្រឹមត្រូវ សេរី និងយុត្តិធម៌ ជូនដល់ប្រជាពលរដ្ឋ ស្របពេលដែលលោកបានមកបំពេញបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជា ។

លោកឯកអគ្គរដ្ឋទូត នូវបានបញ្ជាក់ទៀតថា ឥណ្ឌូនេស៊ីនឹងបន្តធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ការរទូត ជាពិសេសបន្តជំរុញឲ្យមានការមកបណ្តាក់ទុនវិនិយោគ និងធ្វើទេសចរណ៍ឲ្យកាន់តែច្រើនថែមទៀត រវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូនេស៊ី ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៧ ដល់ថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ឥណ្ឌូនេស៊ី និងកម្ពុជា នឹងសហការគ្នារៀបចំពិព័រណ៍ពាណិជ្ជកម្មទេសចរណ៍ នៅមជ្ឈមណ្ឌល់ពិព័រណ៍ និងសន្និបាទកោះពេជ្រដោយមានជាង១០០ក្រុមហ៊ុន មកធ្វើការដាក់តាំងបង្ហាញនូវផលិតផលរបស់ខ្លួន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post