header ads

Sponsor

ពិសី

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា​ បានស្នើប្រតិភូធុរជនខេត្តហ៊ូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ពិចារណាវិនិយោគលើការកែច្នៃផលិតផលកសិកម្ម នៅក្នុងខេត្តបាត់ដំបង ដែលសម្បូរទៅដោយភោគផលដំណាំ ដែលមានសក្តានុពល សម្រាប់បម្រើទីផ្សារក្នុងប្រទេស  និងនាំចេញទៅកាន់ប្រទេសចិន។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា​ បានលើកសំណើនេះ លើកឡើងនៅក្នុងជំនួបពិភាក្សាជាមួយលោក យ៉ាង គ័រពីង (Yang Guoping) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Global Ecological Co., Ltd. របស់ខេត្តហ៊ូណាន ដែលបានដឹកនាំសហការី មកសិក្សាអំពីលទ្ធភាពពង្រីករោងចក្រម៉ាស៊ីនកិនស្រូវ នៅក្នុងខេត្តបាត់ដំបង និងស្វែងយល់អំពីសក្តានុពលវិនិយោគ នៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ នេះបើតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃម្សិលមិញ។

នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានជម្រាបជូន លោក យ៉ាង គ័រពីង អំពីកត្តាប្រឈមនៃវិស័យស្រូវអង្ករ និងដំណាំសក្តានុពលផ្សេងៗ ដូចជា ស្វាយ មៀន ពោត និងដំឡូងមី ព្រមទាំងអត្ថប្រយោជន៍នៃការសាងសង់ឡសម្ងួតបន្ថែម ដើម្បីរក្សាទុកកសិផលនៅក្នុងរយៈពេលយូរ សំដៅបម្រើការអភិវឌ្ឍខ្សែសង្វាក់តម្លៃ និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស ដូចជាខេត្តសៀមរាប និងខេត្តហ៊ូណាន ប្រទេសចិនជាដើម។

លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសក្តានុពលខេត្តព្រះសីហនុ ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា និងជាខេត្តដែលមានកំពង់ផែទឹកជ្រៅ និងកំពង់ផែពហុបំណង ព្រមទាំងតំបន់សេដ្ឋកិច្ចពិសេស ដែលប្រមូលផ្តុំទៅដោយរោងចក្រតូចធំជាង ១០០ក្រុមហ៊ុន សម្រាប់បម្រើវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម។

លោក ប៉ាន សូរស័ក្តិ ក៏បានជម្រាបជូន លោក យ៉ាង គ័រពីង និងសហការី អំពីវឌ្ឍនភាពថ្មីៗនៃវិស័យគមនាគមន៍ នៅក្នុងប្រទេសកម្ពុជា ផងដែរ។

ជាការឆ្លើយតប លោក យ៉ាង គ័រពីង បានថ្លែងអំណរគុណដល់ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដែលបានចែករំលែកនូវព័ត៌មាន និងទស្សនៈល្អៗ ទាក់ទិនវិស័យពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ជាពិសេសកត្តាប្រឈម និងកាលានុវត្តភាពវិនិយោគ លើដំណាំសក្តានុពលផ្សេងៗរបស់កម្ពុជា។

លោក យ៉ាង គ័រពីង ក៏បានសន្យានឹងនាំយកព័ត៌មានទាំងអស់នេះ ទៅជម្រាបជូន លោកអភិបាលខេត្តហ៊ូណាន ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅក្នុងខែវិច្ឆិកា ខាងមុខ ព្រមទាំងផ្សព្វផ្សាយបន្តជូនសមាគមធុរជន និងវិនិយោគិន នៅក្នុងខេត្តហ៊ូណាន ដើម្បីចូលមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា សំដៅបង្កើតឱកាសការងារជូនប្រជាជន និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post