ភ្នំពេញៈ មន្ត្រីយោធាម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនពីបទប្រើប្រាស់អាវុធខ្លីភ្ជង់គំរាម និងវាយដំលើបុរសម្នាក់ លក់ប្រហិតចៀនចល័តតាមផ្លូវដោយរ៉ឺម៉កម៉ូតូ ដែលទំនាស់នេះ ផ្តើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងកាលពីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិរោងចក្រ ម្តុំក្បែរវត្តសំរោងអណ្តែត ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មន្ត្រីយោធាខាងលើឈ្មោះ នួន ប៉ូ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមន្ត្រីយោធា ទីលំនៅម្តុំសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប៉ូលិសឲ្យដឹងថា មុនពេលកើតហេតុ ភាគីជនរងគ្រោះឈ្មោះ យ៉ែម វណ្ណៈ ភេទប្រុស អាយុ២៧ឆ្នាំ កំពុងលក់ប្រហិតចៀនចល័តតាមរ៉ឺម៉កនៅម្តុំក្បែរវត្តសំរោងអណ្តែត។ ក្រោយមក ក៏ស្រាប់តែមានរថយន្តបាឡែនមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AB-4119 បើកបរដោយឈ្មោះ សៅ ចាន់ធី ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅម្តុំសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានបើករថយន្តមកប៉ះរ៉ឺម៉កលក់ប្រហិតរបស់គាត់ រួចក៏បើកទៅបាត់។
ក្រោយមកមួយស្របក់ មន្ត្រីយោធាខាងលើ ក៏បានបើកបររថយន្តរបស់ខ្លួនម៉ាក ព្រូស ពាក់ស្លាកលេខ 2AM-6485 ឆ្លងកាត់ទីនោះ ក៏ស្រាប់តែបុរសអ្នកលក់ប្រហិតនោះបក់ដៃឲ្យឈប់ ហើយបានកាន់ដំថ្មគប់មកលើរថយន្តរបស់មន្ត្រីយោធានោះ បណ្តាលឲ្យបែកកញ្ចក់ខាងមុខ។
ប្រភពដដែលបន្តថា ភ្លាមនោះមន្ត្រីយោធា ក៏បានឈប់រថយន្តចុះមកសួរនាំ តែនៅពេលឃើញអ្នកលក់ប្រហិតនោះកាន់ដុំថ្មនៅដៃ ក៏ចូលក្នុងឡានយកកាំភ្លើងខ្លីមកភ្ជង់ និងវាយចំក្បាលឲ្យរបួសស្រាល ដើម្បីឲ្យបញ្ឈប់សកម្មភាព។ ភ្លាមៗនោះដែរ សមត្ថកិច្ចមូលដ្ឋាន បានមកទាន់ក៏អន្តរាគមន៍ឃាត់ខ្លួនទាំងសងខាងយកមកសួរនាំ។
ចំណែកភាគីអ្នកលក់ប្រហិតវិញ បាននិយាយថា ភាគីរថយន្តម៉ាក បាឡែន ស្រវឹងស្រាបើកមកប៉ះរ៉ឺម៉កគាត់កំពុងចៀនប្រហិត បណ្តាលខ្ទាតខ្លាញ់ត្រូវគាត់ និងអ្នកទិញម្នាក់ រលាក មិនព្រមឈប់ ហើយបើករត់ទៀត។ នៅពេលគាត់តាមទាន់ នៅត្រង់ផ្លូវកែងហាណូយ អ្នកជិះរថយន្ត បាឡែន បានហៅបក្ខពួកជាមន្ត្រីយោធានោះ ឲ្យមកជួយអន្តរាគមន៍។ ពេលនោះ ប្រជាជនបានគប់កញ្ចក់រថយន្តរបស់គាត់បែកខាងមុខតែម្ដង។
សម្រាប់ករណីនេះ វរសេនីយ៍ទោ គួក សុខហួរ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌសែនសុខ បញ្ជាក់ឲ្យដឹងថា សមត្ថកិច្ចបានទុកពេលឲ្យភាគីទាំង២នាក់ សម្របសម្រួលគ្នាបញ្ចប់រឿង ប៉ុន្តែភាគីខាងអ្នកលក់ប្រហិតចៀនមិនព្រម ដោយទាមទារលុយសំណងជំងឺចិត្តរាប់ពាន់ដុល្លារឯណោះ។ ដូច្នេះ សមត្ថកិច្ចអាចនឹងបញ្ជូនឲ្យពួកគេ ទៅដោះស្រាយនៅតុលាការវិញ៕