ភ្នំពេញៈ កម្លាំងប្រតិបត្តិការពិសេសរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានធ្វើការបង្ក្រាបទីតាំងក្រុមហ៊ុននាំចូល និងចែកចាយឱសថ ឈ្មោះ រស្មី ឧត្តម មួយកន្លែង ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ សីហា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅថ្ងៃទី១៨ សីហា។
ប្រតិបត្តិការពិសេសនេះ សមត្ថកិច្ចពាក់ព័ន្ធបានរកឃើញឱសថចំនួន២៣មុខ សរុបចំនួន ៥០០កេស ស្មើនឹងជាង១លានគ្រាប់ និងជាង៦ម៉ឺនកញ្ចប់។ ក្នុងនោះរកឃើញ ឱសថផុតសុពលភាពមានចំនួន១២មុខ សរុប២០កេស។
បើតាមការសន្និដ្ឋានជាបឋមរបស់សមត្ថកិច្ច បានឲ្យដឹងថា ទីតាំងខាងលើនេះសង្ស័យជាទីតាំងវេចខ្ចប់ឱសថក្លែងក្លាយ និងកែសុពលភាពឱសថ, រក្សាទុក និងចែកចាយផលិតផល ឱសថក្លែងក្លាយ និងផុតសុពលភាព, គ្មានលិខិតអនុញ្ញាតឲ្យចែកចាយឱសថ ហើយដំណើរការក្រុមហ៊ុនមិនអនុលោមតាមច្បាប់៕