ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង០៤ និង០៥នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ មានករណី ឃាតកម្មសាហាវ ដោយចាក់សម្លាប់មន្ត្រីប៉ូលិសម្នាក់ ចំនួន១០កំាបិត បានកើតឡើងស្ថិតនៅចំណុចផ្លូវគ្រួសក្រហម ក្រុមទី១១ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ករណីឃាតកម្មនេះ បង្កឡើងដោយជនសង្ស័យពុំស្គាល់អត្តសញ្ញាណនៅឡើយ បានធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះចំនួន១០កាំបិតសឹងតែសុះសាច់ បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ជនរងគ្រោះមានឈ្មោះ ហ៊ឹម សុវណ្ណារ៉ូ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ នគរបាលប៉ុស្ដិ៍គោកចក រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
បើតាមការសន្និដ្ឋានជាជំហានដំបូង ជនរងគ្រោះ និងជនសង្ស័យអាចមានគំនុំនឹងគ្នាទើបឈានដល់ធ្វើឃាត ករណីនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវ។
ក្រោយពិនិត្យសាកសពរួច ជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕