header ads

Sponsor

រិទ្ធី

នៅព្រឹកថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ស្អែកនេះ នាវេលាម៉ោង៨ តុលាការកំពូលនឹងបើកសវនាការជំនុំជម្រះ លើការស្នើសុំនៅក្រៅឃុំរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ យោងតាមដីកាចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ របស់មហាអយ្យការអមតុលាការកំពូល។ តើលោក កឹម សុខា អាចនឹងត្រូវតុលាការដោះលែងឱ្យក្រៅឃុំនៅថ្ងៃស្អែកទេ?

តាមរយៈពេលហ្វេសប៊ុកលោក កឹម សុខា បានធ្វើការអំពាវនាវថា៖ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋខ្មែរចូលរួមតាមដាននូវសាវនាការនិងជួយសង្កេតការណ៍ឃ្លាំមើល។

ប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថាមានការដោះលែងអ្នកវិភាគ សកម្មជនដីធ្លី អតីតអ្នកសារព័ត៌មានជាបន្តបន្ទាប់ តួយ៉ាងដូចជា៖ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ លោក គឹម សុខ អ្នកវិភាគនយោបាយនិងអត្ថាធិបាយ​ មិនសំចៃមាត់ ត្រូវបានដោះលែងក្រោយតុលាការអនុវត្តទោសរួចរាល់។

លោកស្រី ទេព វន្នី អ្នកស្រី ហេង មុំ អ្នកស្រី បូ ឆវី និងអ្នកស្រី គង់ ចន្ថា ត្រូវបានព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ទ្រង់ត្រាស់បង្គាប់លើកលែងទោស នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ តាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នេះ អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី គឺលោក អ៊ួង ឈីន និងលោក យាង សុជាមេត្តា ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពជាបណ្តោះអាសន្ន។ 

ទាក់ទងនឹងការដោះលែងនេះដែរ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមបានសរសេរក្នុងហ្វេសប៊ុកថា៖ អបអរសារទរចំពោះការវិវត្តជាវិជ្ជមាននៃស្ថានការណ៍នយោបាយនៅស្រុកយើងក្នុងរយ:ពេលប៉ុន្មានថ្ងៃថ្មីៗនេះដោយសង្ឈឹមថា ស្ថានការណ៍នេះនឹងកាន់តែមានភាពប្រសើរឡើងបន្ថែមទៀតក្នុងរយៈពេលមិនយូរប៉ុន្មានខាងមុខនៅក្រោមរដ្ឋាភិបាលថ្មី។ តែទន្ទឹមនិងនេះយើងជាពលរដ្ឋក៏មិនចង់ឃើញល្បែងនយោបាយចាស់ “ទឹកឡើងត្រីស៊ីស្រម៉ោចទឹកហោចស្រម៉ោចស៊ីត្រី” នោះវិលមកវិញដែរ។ យើងសង្ឃឹមថាអ្នកដឹកនាំនយោបាយពិតជាយល់នូវអារម្មណ៍របស់យើងមួយនេះ!

ចំណែកឯ លោក ព្រាប កុល ប្រធានប្រតិបត្តិអង្គការតម្លាភាពកម្ពុជាធ្លាប់បានលើកឡើងកាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅថា៖ ជំនោរវស្សារដូវ បានបក់មកខ្សឹបប្រាប់ខ្ញុំថា​ ចាប់ពីថ្ងៃស្អែក​(ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨) រហូតដល់​ ថ្ងៃទី​២៣ ខែកញ្ញាខាងមុខនេះ​ អាចនឹងមានការដោះលែងឱ្យនៅក្រៅឃុំ​ និងឬ ទំលាក់ចោលការចោទប្រកាន់​ អ្នកនយោបាយ​ និងសកម្មជនសិទ្ធិមនុស្សសំខាន់ៗមួយចំនួន។ នេះជាកាយវិកាដ៏សមស្របមួយ​ សម្រាប់បន្ធូរបន្ថយភាពតានតឹង​ ក៏ដូចជាការបន្ទន់ឥរិយាបថ១ជំហ៊ានដោយសាជំនោរបក់មកពីទិសបស្ចឹម។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post