ភ្នំពេញៈ រោងចក្រផលិតឆត្រមួយកន្លែងទំហំ២៤ម៉ែត្រគុណ៨៤ម៉ែត្របានឆ្លងចរន្ទអគ្គិសនីបង្កឲ្យកើតមានអណ្តាតភ្លើងឆាបឆេះអស់ទាំងស្រុង បើទោះជាមានការជួយអន្តរាគមន៍ខ្វែងដៃខ្វែងជើងពីសមត្ថកិច្ចពន្លត់អគ្គិភ័យយ៉ាងណាក្តី ។
ហេតុការណ៍អកុសលនេះបានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅរោងចក្រផលិតឆត្រ អ៊ី យ៉ីង ស្ថិតតាមណ្តោយផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យភ្នាក់ងារអង្គភាពព័ត៌មាន Cam Post(ខេមប៉ុស្តិ៍)ដឹងនៅមុននេះបន្តិចថា ម្ចាស់រោងចក្រឈ្មោះ លី ជឺម៉ីង ភេទប្រុស អាយុ៥៦ឆ្នាំ ជាជនជាតិចិន ។ រោងចក្រផលិតឆត្រនេះ សង់ពីថ្ម បេតុង ប្រក់ស័ង្កសី ទំហំ២៤ម៉ែត្រគុណ៨៤ម៉ែត្រ ត្រូវភ្លើងឆេះអស់ទាំងស្រុង ដោយសារឆ្លងចរន្តអគ្គិសនី ។
រថយន្តពន្លត់អគ្គិភ័យ១០គ្រឿង ក្នុងនោះប្រើប្រាស់ទឹកអស់៤ឡាន ស្មើនឹង២០ម៉ែត្រគូប ដោយធ្វើសកម្មភាពបាញ់ទឹកពន្លត់ភ្លើងរហូតដល់ម៉ោង១៩និង៥នាទីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ទើបគ្រប់គ្រងស្ថានការបាន និងមិនបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាង ឬរងរបួសមនុស្សអ្វីនោះឡើយ ។ ទំហំនៃការខូចខាតសរុប គេនៅមិនទាន់ដឹងនៅឡើយទេ ។
ក្នុងសកម្មភាពនេះដែរ ក៏មានរថយន្តជំនួយគឺរថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន១ឡាន ស្មើនឹង៦ម៉ែត្រគូបផងដែរ៕