header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសជាងសំណង់ម្នាក់ ដោយមានអាការៈមិនសូវស្រួលខ្លួន ក៏បបួលមិត្តភក្តិឲ្យជូនទៅម៉ាស្សាកោសជប់នៅហាងម៉ាស្សាយីហោ ហេងហេង ប៉ុន្តែមិនមានហុងស៊ុយហេងដូចឈ្មោះហាងឡើយ ដោយពេលចេញមកវិញ ស្រាប់តែបាត់លុយក្នុងកាបូបជាង៤០ម៉ឺនរៀល បង្កឲ្យមានការឈ្លោះប្រកែកគ្នាផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង១៖១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចហាងម៉ាស្សាកោសជប់យីហោ ហេងហេង ទល់មុខស្ថានីយប្រេងឥន្ធនៈ លីម ឡុង តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉េង ធី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាជាងសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់មួយកន្លែង ក្បែរកន្លែងកើតហេតុ។

បុរសរងគ្រោះបានរៀបរាប់ថា នៅមុនពេលកើតហេតុ ខ្លួនបានបបួលមិត្តភក្តិ ដែលធ្វើការជាមួយគ្នាពីរនាក់ទៀត ឲ្យជូនទៅរកកន្លែងម៉ាស្សាកោសជប់ ព្រោះមានអាការៈមិនសូវស្រួលខ្លួន ហើយនាំគ្នាដើរចេញពីការដ្ឋានទៅហាងកើតហេតុខាងលើ ដើម្បីម៉ាស្សា និងកោសជប់ ដោយគាត់បានចូលទៅខាងក្នុងហាងតែម្នាក់ឯង ខណៈមិត្តភក្តិទាំងពីរអង្គុយរង់ចាំនៅខាងក្រៅ។ បន្ទាប់មក ខ្លួនបានដើរចូលទៅក្នុងបន្ទប់ ដោយមាននារីម្នាក់ ចូលទៅជាមួយផងដែរ។ នៅក្នុងបន្ទប់ នារីនោះ បានឲ្យគាត់ដោះខោអាវចេញពីខ្លួន ហើយដេកផ្កាប់បមុខលើពូក ដើម្បីធ្វើការកោសខ្យល់។

លុះដល់វេលាកើតហេតុខាងលើ បន្ទាប់ពីកោសខ្យល់រួចរាល់ហើយ ខ្លួន(ជនរងគ្រោះ)បានដកកាបូបលុយចេញពីហោប៉ៅខោ បំណងយកលុយចំនួនមួយម៉ឺនរៀល ឲ្យទៅនារីម៉ាស្សា ស្រាប់តែឃើញក្រដាស៥ម៉ឺន នៅថតខាងក្រៅនៃកាបូបលុយ ទើបធ្វើឲ្យគាត់មានការងើងឆ្ងល់ ព្រោះមុនពេលចូលកោសខ្យល់ខ្លួនមានលុយជាង៦០ម៉ឺនរៀល ហើយក្រដាស៥ម៉ឺនរៀលទាំងអស់ បានទុកក្នុងថតមានរូត។ ដោយមានការសង្ស័យ ខ្លួនក៏បានរាប់លុយក្នុងកាបូបមើល ទើបដឹងថា បាត់អស់ជាង៤០ម៉ឺនរៀល ដោយសល់លុយមិនដល់១០ម៉ឺនរៀលផង។

ប្រភពដដែលបន្តថា ភ្លាមៗនោះ ខ្លួនបានសួរនាំទៅនារី ដែលបានកោសខ្យល់ឲ្យ តែនារីម្នាក់ បានប្រកែកថា មិនដឹង និងមិនបានលួចលុយរបស់គាត់នោះទេ។ ប៉ុន្តែដោយក្ដីប្រកាដថា លុយរបស់ខ្លួនត្រូវបានគេលួច ទើបបង្កឲ្យមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង រហូតលេចចេញតំណាងហាងម៉ាស្សាមកដោះស្រាយសំណងចំនួន២០ម៉ឺនរៀល ដើម្បីបញ្ចប់រឿង តែខ្លួនមិនព្រម ព្រោះចង់បានលុយដែលបាត់មកវិញ ទើបគ្មានលទ្ធផល ហើយជនរងគ្រោះក៏ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍តែម្ដង។

ក្រោមការសម្របសម្រួលរបស់សមត្ថកិច្ចមូលដ្ឋាន ភាគីទាំងពីរ បានបញ្ចប់រឿងកោសជប់បាត់លុយដោយសន្តិវិធី ដោយតំណាងហាងម៉ាស្សា សុខចិត្តចំណាយលុយ១០០ដុល្លារ សងទៅជនរងគ្រោះ ហើយជនរងគ្រោះមិនចង់មានរឿងវែងឆ្ងាយ ក៏ព្រមទទួលយក ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post