កំពង់ធំៈ បច្ចុប្បន្នដែនព្រៃអង់តែន ដែលជាព្រៃសម្រាប់រង្វាស់ទឹកវាលទំនាបអាស៊ីមូសុងទន្លេមេគង្គនៃប្រទេសកម្ពុជា ក្រោមការឧបត្ថម្ភពីរាជរដ្ឋាភិបាលជប៉ុននោះ ត្រូវបានទទួលរងការកាប់បំផ្លាញកាន់តែរីករាលដាល ដែលសាធារណជនលើកឡើងថា បើនៅតែបែបនេះ គឺខ្ទេចគ្មានសល់ ជាពិសេសដើមឈើធំៗ។
ប្រជាពលរដ្ឋនិយាយថា ខាងក្នុងដែនព្រៃអង់តែននេះ នៅកន្លែងខ្លះត្រូវបានកាប់រុករានយកដីថ្មីៗ ចំណែកកន្លែង ចាស់ខ្លះទៀត ត្រូវបានកាប់ពង្រីកហើយដុតបំផ្លាញ ឯដើមឈើធំៗ ដែលពុំសូវមានតម្លៃ នៅជាប់នឹងផ្លូវ ដែលពីមុននៅសេសសល់១ដើមៗនោះ ឥឡូវគឺបង្ហើយអស់ហើយ ចំណែកឯសមត្ថកិច្ចបរិស្ថាន និងសមត្ថកិច្ចរដ្ឋបាលព្រៃឈើ នៅទីនោះគិតតែប្រយោជន៍ផ្ទាល់ខ្លួន។
កន្លងមក សមត្ថកិច្ចរាជអាវុធហត្ថ ស្រុកសន្ទុក ក៏បានបង្ក្រាបឈើហ៊ុបជ្រុង ហ៊ុបមូលជាបន្តបន្ទាប់ ដែលជនទុច្ចរិតដឹកជញ្ជូនមកលាក់ទុក នៅមូលដ្ឋានឃុំកំពង់ថ្ម ក្នុងភូមិស្នោខ្លី ហើយសមត្ថកិច្ចនេះ ក៏ទទួលស្គាល់ថា បទល្មើសនេះ គឺដឹកចេញពីព្រៃអង់តែន ដោយឡែកទីតាំងអារច្រៀកឈើខុសច្បាប់ នៅភូមិទួលដំណាក់ឃុំចុងដូង និងភូមិកំពុងស្ដេច ឃុំក្រវ៉ា ស្រុកបារាយណ៍ ក៏ជនប្រព្រឹត្តទាំងនោះ បានប្រាប់ថា គឺដឹកចេញពីព្រៃអង់តែន និងដឹកចេញពីឃុំសុខចិត្រ និងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ចេញពីដែនព្រៃឡង់។
បើយោងតាមប្រភព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ដែនព្រៃអង់តែន គឺការពារដោយសមត្ថកិច្ចបរិស្ថាន និងសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ប៉ុន្តែការកាប់ព្រៃពង្រីកយកដី និងអារកាប់ដើមឈើធំៗ គឺកើតមានខ្លាំងជាងមុនទៅទៀតសកម្មភាពកាប់បំផ្លាញព្រៃអង់តែន គគ្រឹកគគ្រេង រាល់ថ្ងៃយប់ ដូចហែរបុណ្យផ្កាអ៊ីចឹង៕