ភ្នំពេញៈ ស្រ្តីម្នាក់ ត្រូវចោរឆក់កាបូបលុយបានសម្រេច បណ្តាលឲ្យដួលម៉ូតូ រងរបួសធ្ងន់បានបាត់បង់អាយុជីវិតហើយ ក្រោយពេលកម្លាំងសមត្ថកិច្ចមូលដ្ឋានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត បាន១ថ្ងៃប៉ុណ្ណោះ។
សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៤និង១០នាទីទៀបភ្លឺនៅចំណុចតិរវិថីព្រះស៊ីសុវត្ថិ កែងផ្លូវលេខ ១៣០ ភូមិ២ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មានករណីចោរឆក់កាបូប បណ្តាលឲ្យជនរងគ្រោះ រងរបួសធ្ងន់ ដែលបង្កឡើងដោយជនសង្ស័យ២នាក់ ប្រើប្រាស់មធ្យោបាយម៉ូតូ០១គ្រឿង។
សមត្ថកិច្ច បានឲ្យដឹងទៀតថា ក្នុងហេតុការណ៍នោះ ដំបូងជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ភេទស្រី អាយុប្រហែល៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅ មិនទាន់ដឹង ជនរងគ្រោះជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ចំណែកជនសង្ស័យមានគ្នា២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០១គ្រឿង មិនស្គាល់ម៉ាក។ រីឯសម្ភារៈបាត់បង់ កាបូប១ (ពុំដឹងមានសម្ភារៈអ្វីខ្លះ) ។
សមត្ថកិច្ចបានឲ្យទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ តាមបណ្តោយតិរវិថីព្រះស៊ីសុវត្ថិ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ០១គ្រឿង បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ បានសម្រេច រួចជិះគេចខ្លួនបាត់ បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូ រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែតស្ថិតក្នុងស្ថានភាពមិនដឹងខ្លួននោះទេ។
សមត្ថកិច្ចបន្តទៀតថា បន្ទាប់ពីធ្វើការស្រាវជ្រាវរហូតរកឃើញសាច់ញាតិក្រុមគ្រួសាររបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះឈ្មោ ស៊ិន ស្រី ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ត្រីស្នាក់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារប្រាប់ថា បានបាត់បង់ជីវិតនៅវេលាម៉ោង១៧ល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ហើយសពដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។
សមត្ថកិច្ចបញ្ជាក់ទៀតថា ចំពោះសង្ស័យដែលកំពុងតែគេចខ្លួននោះ កម្លាំងជំនាញខណ្ឌដូនពេញកំពុងបើកការស្រាវជ្រាវ ដើម្បីឈាន់ដល់ការនាំខ្លួនមកផ្តន្ទាទោសតាមផ្លូវជាក់ជាមិនខានឡើយ៕