header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនជាប់ចោទ​ម្នាក់​ ដែល​បានលួចដោះខ្នោះដៃ រួចលោតចុះពីលើរថយន្ត ពេលបញ្ជូនទៅពន្ធនាគារព្រៃស សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកឯង ខណ្ឌច្បារអំពៅ ចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ជនជាប់ចោទ​ឈ្មោះ តុប ម៉ៅ ហៅតុប វុទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ និងមានដីកាចាប់ខ្លួនលេខ៨២៦ “ឡ” ដចន ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ចេញដោយលោក ជា សុច័ន្ទដេត ចៅក្រមជំនុំជម្រះសាលាដំបូង រាជធានីភ្នំពេញ ពីបទ ៖ ហិង្សាប្រព្រឹត្ត ដោយ សហព័ទ្ធ ឬអនីតិសង្វាសជន ប្រព្រឹត្តនៅចំណុចផ្លូវលំ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៥។

សមត្ថកិច្ច នគរបាលខណ្ឌច្បារអំពៅ បាន​ឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៧ ម៉ោង៩និង៥០នាទីយប់ សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានចុះបង្ក្រាបជាក់ស្តែង ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចដីឡូត៍គ្មានលេខ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដោយឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ឈ្មោះ តុប វុទ្ធី (តុប ម៉ៅ), ឈ្មោះផន រ៉ា និងឈ្មោះ វិន វិឆៃ ព្រមទាំង​ដកហូតវត្ថុតាងក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ចំនួន១កញ្ចប់តូច ហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងត្រូវបានលោក អ៊ី ឋាវរៈ ចៅក្រមស៊ើសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន បណ្តោះអាសន្នលេខ ៦៦៧៦ “ព” ដពស ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ចោទប្រកាន់ឈ្មោះ តុប វុទ្ធី ពីបទរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន។

បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនឈ្មោះ តុប វុទ្ធី និងជនល្មើស ៤នាក់ទៀត ទៅពន្ធនាគារព្រៃស (ម១) ពេលមកដល់ចំណុចភូមិឬស្សី១ ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យឈ្មោះ តុប វុទ្ធី ក៏បានបន្លំលួចដោះខ្នោះដៃមួយចំហៀង រួចលោតពីលើរថយន្តរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនល្មើស ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post