បាត់ដំបងៈ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា អ្នកបើករថយន្តដឹកទឹកកក ម្នាក់ ត្រូវខ្មាន់កាំភ្លើងបើករថយន្តតាមស្ទាក់បាញ់ចំក្បាល១គ្រាប់ស្លាប់ កាលពីវេលាម៉ោង១០យប់ថ្ងៃទី៥ ខែសីហា ស្ថិតនៅលើផ្លូវត្រង់ចំណុចវាលអន្ទង់.ស ក្នុងភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់។
ជនរងគ្រោះខាងលើ ឈ្មោះពេជ្រ ពិសា ហៅពីរ អាយុ២៥ឆ្នាំ បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងអ្នករួមដំណើរ២នាក់ទៀត គឺឈ្មោះហេង ចិត្រា ហៅឡិច អាយុ២០ឆ្នាំ និងឈ្មោះប៊ូ ចន្ធី ហៅប៉ោង អាយុ២៧ឆ្នាំ ពួកគេទាំង៣នាក់ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ និងជិះរថយន្តដឹកទឹកកក ពាក់ស្លាកលេខ បាត់ដំបង3A-3095 ។ សមត្ថកិច្ចបានឲ្យដឹងថា បើតាមព័ត៌មាន គឺជនដៃដល់មានបក្សពួក២នាក់ ជិះរថយន្តម៉ាកហាយឡិនឌ័រ ដែលធ្វើដំណើរស្របទិសគ្នាពីបាត់ដំបង ទៅកាន់កំពីងពួយ។
បើតាមព័ត៌មានបឋមដែលសមត្ថកិច្ចបានអោយដឹងថា គឺក្រុមជនដៃដល់បានបើករថយន្តដេញតាមរថយន្តជនរងគ្រោះ ហើយឈប់ពាំងពីមុខ។ ពេលនោះ ជនមិនស្គាល់មុខ២នាក់បានចុះពីរថយន្តសួរនាំជនរងគ្រោះថា «ហេតុអ្វីបានបើករថយន្តប៉ះរថយន្តអញហើយមិនឈប់?»។ ពេលនោះ អ្នកបើករថយន្តដឹកទឹកកកឆ្លើយតបថា «ខ្លួនមិនបានដឹងទេ…»។ ភ្លាមនោះ ជនម្នាក់បានដកកាំភ្លើងខ្លីបាញ់១គ្រាប់ចំក្បាលអ្នកបើកបរ រួចខ្មាន់កាំភ្លើងទាំង២នាក់ឡើងរថយន្តបើកត្រឡប់មកក្រោយវិញបាត់ស្រមោលទាំងយប់ភ្លាមៗដែរ។ ជនរងគ្រោះត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់មន្ទីរពេទ្យក៏បានស្លាប់តែម្ដង។
នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញគ្រាប់កាំភ្លើងខ្លី២គ្រាប់ ដែលមិនទាន់បាញ់ និងសំបកគ្រាប់១គ្រាប់ ដែលមន្ត្រីជំនាញអះអាងថា ជាគ្រាប់កាំភ្លើងខ្លីម៉ាក «ប៉េអាម៉ាប់»។ បើតាមមន្ត្រីជំនាញបានបង្ហើបថា គេសង្ស័យផ្ដើមចេញពីគំនុំច្រើនជាងករណីបើករថយន្តប៉ះពារគ្នា ព្រោះសមត្ថកិច្ចហាក់មានតម្រុយខ្លះៗហើយ៕