កំពង់ធំៈ បុរសម្នាក់ រងមួយកាំបិត របួសធ្ងន់ ក្រោយពីចូលទៅហាមឃាត់គេកុំឲ្យផឹកស៊ីឡូឡា តែត្រូវជនប្រមឹកខឹងទាញកាំបិទដេញកាប់តែម្ដង។
ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤៖៣០នាទីល្ងាចថ្ងៃ១ ខែសីហា ឆ្នាំ២០១៨ នៅភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
សមត្ថកិច្ច បានឲ្យដឹងថា ជនបង្កឈ្មោះ ស៊ឹម ធារ៉ា ហៅក្រឹម ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិស្វាយស ឃុំកំពង់ចិនត្បូង ជាមនុស្សបែកថ្នាំ។ ជនរងគ្រោះឈ្មោះ ឡែម សុភី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
មុនពេលកើតរឿងរ៉ាវ គឺជនរងគ្រោះបានមកដេកលេងនៅលើអង្រឹងក្រោមផ្ទះបងស្រី រីឯជនបង្កបានផឹកស៊ីស្រវឹង ហើយឡូឡា នៅតូបលក់ដូររបស់បងស្រី មានសភាពច្រង៉ែងច្រង៉ាង ទើបរងគ្រោះទៅឃាត់កុំឲ្យឡូឡា នៅកន្លែងបងស្រីលក់ដូរ ពេលនោះជនបង្កបានយកកាំបិតបុ័ងតោ ដេញកាប់ទៅលើជនរងគ្រោះ ឃើញដូចនោះជនរងគ្រោះក៏រត់គេច មកបុកនឹងម៉ូតូ បណ្តាលឲ្យដួល ទើបជនបង្កកាប់មកលើជនរងគ្រោះ ត្រូវចំកែងជើងខាងស្តាំ។ ពេលកាប់រួចជនបង្កបានរត់គេចខ្លួន ពីកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនបាន។ ចំណែកជនរងគ្រោះ ត្រូវបានបងប្អូនយកមកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង៕