header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នៅក្នុងសាលប្រជុំរួមរបស់សាលាខណ្ឌមានជ័យ នារសៀលថ្ងៃទី២៧ ខែសីហា​ ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌមានជ័យ​ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង នាយករដ្ឋបាលសាលាខណ្ឌមានជ័យ​ នៃរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ពេជ្រ​ កែវមុនី​ អភិបាល​ នៃគណៈអភិបាលខណ្ឌមាន និងលោកអែម សុខលាង​ ប្រធានក្រុមព្រឹក្សាខណ្ឌមានជ័យ ព្រមទាំងអភិបាលរងទាំងបួនរូប​មាន​ លោក ឡុង​ ង៉ែត​ ,​លោក ឌី​ រ័ត្នខេមរុណ, លោក មា​ សុភាព​​ និងលោកស្រី ជា នីតា អភិបាលរង និងមានការអញ្ជើញចូលរួមពី លោកអធិការនគរបាលខណ្ឌ មេបញ្ជាការ​អាវុធហត្ថខណ្ឌ និងអស់លោកចៅសង្កាត់ លោកមេប៉ុស្តិ៍​នគរបាល​ទាំង៧សង្កាត់ លោក-លោកស្រី មេភូមិទាំង៧​សង្កាត់ និងមន្ត្រីរាជការចំណុះអោយសាលាមានជ័យ សរុបប្រមាណជាង១០០នាក់ ។

យោងតាមសេចក្តីប្រកាសតែងតាំងមន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃលេខ ៤៧៥៥ប្រក ចុះថ្ងៃទី១៥ ខែសីហា​ ឆ្នាំ២០១៨ សម្រេច ប្រការ១ ត្រូវបានផ្ទេរភារកិច្ចលោក ហ៊ួយ វីរៈ​ ឋានន្តរសក្ដិវរមន្ត្រី ថ្នាក់លេខ២ ពីនាយករដ្ឋបាលសាលាខណ្ឌមានជ័យ ឲ្យទៅបម្រើការងារជាមន្ត្រីសាលារាជធានីភ្នំពេញ ។

ប្រការ២ ត្រូវបានតែងតាំងលោក ប្រាំង សុផល​ ឋានន្តរសក្ដិវរមន្ត្រី​ ថ្នាក់លេខ១ នាយករងរដ្ឋបាលសាលាចំការមន ឲ្យទៅបម្រើការងារជា នាយករដ្ឋបាលសាលាខណ្ឌមានជ័យ ។

ប្រការ៣ បទប្បញ្ញតិ្តទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍ ។

ប្រការ៤ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលភស្តុភារ និងហិរញ្ញវត្ថុ ក្រុមប្រឹក្សា និងគណៈអភិបាលរាជធានី ប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងមហាផ្ទៃ និងសាម៉ីខ្លួនត្រូវអនុវត្តប្រការនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខា និងត្រា សម្តេចក្រឡាហោម ស ខេង ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនាយករដ្ឋបាលសាលាខណ្ឌនេះ លោក ប្រាំង សុផល បានឡើងប្តេជ្ញាចិត្តក្នុងអង្គពិធីថា

១ ខិតខំបន្តនិរន្ទរភាពការងាររដ្ឋបាលដែនដែន រួមចំណែកអនុវត្តនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សកម្មភាពកំណែទម្រង់លើការងារគ្រប់គ្រង បែបវិមជ្ឈការ និងវិសហមជ្ឈការ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ។

២ ក្រោមការដឹកនាំផ្ទាល់របស់លោកអភិបាល ខិតខំរួមចំណែក ជាមួយកងកម្លាំងប្រដាប់អាវុធក្នុងការរក្សា និងពង្រឹងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយផ្អែកលើមូលដ្ឋាននៃលិខិតបទដ្ឋាន និងច្បាប់ជាធរមាន ។

៣ យកចិត្តទុកដាក់ អនុវត្តឲ្យបានល្អ ប្រសើរនូវតួនាទី ភារកិច្ច របៀបរបបការងារ ដែលបានកំណត់ក្នុងប្រកាសលេខ ៤៧៥៥ប្រក ចុះថ្ងៃទី១៥ ខែសីហា​ ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ ស្តីពីការតែងតាំងមន្ត្រីរាជការ ដើម្បីឲ្យមានប្រសិទ្ធភាពការងារ និងជាជំនួយការដ៏ល្អប្រពៃរបស់លោកអភិបាល និងអភិបាលរង ។

៤ ខិតខំរក្សាទំនាក់ទំនង សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការគ្រប់ផ្នែក សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យបានកាន់តែប្រសើរឡើង ។

៥ ខិតខំប្រែក្លាយអនុសាសន៍របស់លោកប្រធានគណៈអធិបតីថ្ងៃនេះឲ្យទៅជាសកម្មភាព អនុវត្តជាក់ស្តែងនៅពេលខាងមុខ ។

៦ ខិតខំអនុវត្តតួនាទីជាសេនាធិការផ្ទាល់ឲ្យក្រុមប្រឹក្សាខណ្ឌ ខណៈអភិបាលខណ្ឌ ដោយគណនីយភាព តម្លាភាព ក្រមសីលធម៌ គោរពច្បាប់ជាធរមាន បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ។

នៅក្នុងឱកាសនេះដែរលោក ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ បានមានប្រសាសន៍​ថា បញ្ជាក់ផងដែរថា ការផ្ទេរភារកិច្ច និង តែងតាំងមុខតំណែង ដល់មន្ត្រីរាជការ មិនមែនមានន័យថា លោកមាន កំហុស ឬអសកម្មការងារណាមួយនោះទេ ការពិត មន្ត្រីសាធារណៈបំរើ អង្គភាពរដ្ឋ ត្រូវតែមានការអភិវឌ្ឍន៍ជាលំដាប់ និងតែងតែមានការផ្លាស់ប្តូររបៀបរបបដឹកនាំការងារ ។ លោកអភិបាល​ក៏បានលើកពីគុណបំណាច់របស់លោកអតីតនាយករដ្ឋបាលខណ្ឌមានជ័យផងដែរ ទោះបីបានផ្លាស់ទៅកាន់មុខងារថ្មី លោកត្រូវបន្តខិតខំអនុវត្តតួនាទី ឲ្យបានកាន់តែល្អប្រសើរផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post