header ads

Sponsor

រិទ្ធី

នៅថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៨ ព្រឹក រដ្ឋសភានីតិកាលទី៦ នឹងប្រារព្ធពិធីបើកសម័យប្រជុំដំបូង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមលិខិតលេខ៨១២/១៨ អ.រ.ស.សជណ នីតិ ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។

សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានរៀបរាប់ថា៖ យោងតាមព្រះរាជសារចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះករុណានឹងយាងព្រះរាជអធិបតីភាពពិធីបើកសម័យប្រជុំដំបូង ក្នុងពិធីដ៏មហាឡោរឹក និងជាប្រវត្តិសាស្រ្តនេះ ឥស្សរជនជាន់ខ្ពស់ អង្គទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ក៏ត្រូវអញ្ជើញចូលរួមជាកិត្តិយសដែរ។

សេចក្តីជូនដំណឹងដដែលបន្ថែមថា៖ បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងខាងលើនេះ សម័យប្រជុំសភាលើក ទី១ នីតិកាលទី៦ នឹងផ្តើមការងារក្រោមអធិបតីភាពរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភាដើម្បី ១-សម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និង២-ការអនុម័តបទបញ្ជា្ ផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៦។

ចំណែកឯ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៨ ព្រឹក រដ្ឋសភាធ្វើការបោះឆ្នោតដើម្បីជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល ។

សូមរំលឹកថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជាប្រធានបានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី ទទួលបានអាសនៈទាំង១២៥ក្នុងរដ្ឋសភា នីតិកាលទី៦។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post