header ads

Sponsor

ពិសី

ខ្សឹបៈ មន្ត្រីរាជការ ពិសេសប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតមិនទាន់រលុបស្នាមទឹកខ្មៅនៅចង្អុលដៃស្តាំនោះ បានខ្សឹបមកបញ្ជាក់ប្រាប់នាយ "ក្តាមប្រៃ" ឱ្យដឹងថា ពួកគាត់ចាំមើល ថាតើរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលនឹងកើតចេញជារូបរាងនៅដើមខែក្រោយនេះ តើមានសាច់ដុំ អាចបង្ក្រាបឧកញ៉ា អ៊ូ ឆាយ មេកន្ទុយលេខធំដ៏មហិមា និងដុះស្លែ ប្រចាំស្រុកខ្មែរបានឬអត់  ព្រោះច្រើនអាណត្តិមកហើយគ្មានរដ្ឋាភិបាលណា ក៏ដូចជាមន្ត្រីមានសមត្ថកិច្ចរបស់រដ្ឋាភិបាលនោះ បង្ក្រាបលោកឧញ៉ាមេកន្ទុយលេខនេះទេ ឃើញចាប់តែពួកកូនកញ្ច្រែង យកលុយប៉ុណ្ណោះ។

មន្ត្រី និង​ប្រជាពលរដ្ឋខាងលើកនោះ បានបញ្ជាក់មកនាយ "ក្តាមប្រៃ" យើងឱ្យដឹងថា បើយោងតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គេសង្កេតឃើញសមត្ថកិច្ចបាន ចុះបង្ក្រាប និងឃាត់ខ្លួន បានតែមេឆ្នោតតូចតាច ជាហូរហែដែរ ដោយខ្លះត្រូវបញ្ជូនទៅកាន់តុលាការ ហើយខ្លះទៀតត្រូវសមត្ថកិច្ចចាប់គោះយកលុយតែប៉ុណ្ណោះ។ ប៉ុន្ដែទីតាំងទទួលចាក់កន្ទុយលេខដ៏ធំប្រចាំស្រុកខ្មែររបស់លោកឧញ៉ា អ៊ូ ឆាយ និងមេបន្តជាច្រើនកន្លែង ឬកូនកញ្ច្រែងកត់តាមផ្សារ តុកាហ្វេ និងតាមផ្ទះល្វែងនៅទូទាំង រាជធានីភ្នំពេញ និងនៅ​ខេត្ត ដែលគ្រប់គ្រង ដោយលោក ឧកញ៉ា អ៊ូ ឆាយ បែរជាសមត្ថកិច្ចពាក់ព័ន្ធមិនមានវិធានការបង្ក្រាប នាំឲ្យមានការរិះគន់យ៉ាងខ្លាំង នាពេលកន្លងមកនោះ។

បើតាមអ្នកកត់កន្ទុយលេខតូចតាចជាច្រើន បានខ្សឹបមកប្រាប់នាយ" ក្តាមប្រៃ" ឱ្យបានដឹងផងដែរថា លោកឧកញ៉ា អ៊ូ ឆាយ គឺជាអ្នកប្រមូលស៊ីសងសម្រាប់ការលក់កន្ទុយលេខទាំងតូច ទាំងធំ នៅរាជធានីភ្នំពេញផង និងខេត្តផង មិនដឹងថា គាត់មានច្បាប់អនុញ្ញាត ឬអត់ច្បាប់នោះទេ។ ប៉ុន្តែជាទូទៅ សមត្ថកិច្ចទាំងប៉ូលិស ទាំងប៉េអឹម រួមទាំងតុលាការផងដែរ ពុំដែលបង្ក្រាបឧកញ៉ាមេកន្ទុយលេខធំម៉ាស្រុកខ្មែរនេះទេ ។ បែរជាទុកឱកាសឲ្យលោកឧកញ៉ា អ៊ូ ឆាយ បើកស៊ីសងល្បែងកន្ទុយលេខកាន់តែធំឡើងៗ។

ក្រុមមន្ត្រី និងប្រជាពលរដ្ឋខាងលើ បានលើកឡើងបញ្ជាក់មកនាយ "ក្តាមប្រៃ " ឱ្យដឹងថា ពួកគេបានចាត់ទុកថា លោកឧកញ៉ា អ៊ូ ឆាយ ក្នុង១ថ្ងៃៗ សប្បាយ និងកើបលុយជាញើសឈាម របស់ប្រជាពលរដ្ឋខ្មែរ ក្នុងនាមជាមេកន្ទុយលេខដ៏ធំ ដោយបំពានយ៉ាងធ្ងន់ធ្ងរ និងយ៉ាងព្រហឺនទៅលើគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលដាក់ចេញដោយរាជរដ្ឋាភិបាលនោះ។

ចំពោះអ្នកកត់កន្ទុយលេខ មួយចំនួនបានខ្សឹបមកប្រាប់នាយ"ក្តាមប្រៃ"ឱ្យដឹងផងថា ទីតាំង ប្រមូលល្បែងស៊ីសង កន្ទុយលេខ ដ៏ធំរបស់លោកឧកញ៉ា អ៊ូ ឆាយ ស្ថិតនៅភូមិគ្រឹះដ៏ធំខាងក្រោយ ស្ថានីយប្រេងស៊ីគីម៉ិច ចូលតាមច្រកភូមិកោះនរា សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដោយបើកទទួលយកជាចំហ ដោយមិនខ្លាចញញើត សមត្ថកិច្ចនោះទេ ព្រោះចាប់ពីម៉ោងជិត៤រសៀល មានអ្នកឡើងយកលុយ ដកលុយ ដ៏ប្រសេកប្រសាច ដូចស្រម៉ោចអ៊ីចឹង។

បើតាមសមត្ថកិច្ចតូចតាច ដែលមិនបានផលរមាស់ពីមេឆ្នោតនេះ បានខ្សឹបមកប្រាប់នាយ"ក្តាមប្រៃ" ឱ្យដឹងផងដែរថា មានបនល្បែងស៊ីសងកន្ទុយលេខ ដ៏ធំជាងគេ ដែលជាកូនដៃរបស់លោកឧកញ៉ា អ៊ូ ឆាយ ដែលមានទីតាំងនៅ សង្កាត់ ច្បារអំពៅ១ និងច្បារអំពៅ២ ខណ្ឌមានជ័យ នៅទីនោះ មានកន្លែង កត់ ភ្នាល់ កន្ទុយលេខ ស្ទើរគ្រប់កន្លែងតែម្តង។ ហើយកូនកញ្ច្រែង ដែលកត់កន្ទុយលេខ តាមភូមិ បានយកទៅឲ្យមេធំរបស់ខ្លួន មេធំដែលជាកូនដៃកូនជើងរបស់លោកឧកញ៉ានោះ ប្រមូលយកទៅកាន់ទីតាំងធំ ដែលមានលោក ឧកញ៉ា អ៊ូ ឆាយគ្រប់គ្រង នៅផ្ទះលេខ ៥៦០A-B ផ្លូវជាតិលេខ១ សង្កាត់ ច្បារអំពៅ២ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ហើយនៅទីនោះ គ្រាន់តែអ្នកអង្គុយរាប់លុយមានជិត១០០នាក់ឯណោះ។

ក្រុមសមត្ថកិច្ចបានបង្ហើបឱ្យនាយ "ក្តាមប្រៃ" បានដឹងផងថា មានការបញ្ជាក់ថា លោក ឧកញ៉ា អ៊ូ ឆាយ ដែលគេដឹងថា ជាអតីតមេឆ្នោត មេក ណាំ (ឆ្នោតកោសសន្លឹក) បានដាក់ភាគហ៊ុនជាមួយអ្នកមានទ្រព្យធន និងអំណាចដល់ទៅ៥នាក់ បើកល្បែងឆ្នោតកន្ទុយលេខវៀតណាម ដោយគ្មានខ្លាចញញើត នឹងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ឡើយ។

ចំពោះបញ្ហាឆ្នោយវៀតណាម ខ្មែរយើងនិយមហៅថា ឆ្នោតយួនៗនោះ មហាជនបានលើកឡើងមកបញ្ជាក់ប្រាប់នាយ"ក្តាមប្រៃ"ថា នាពេលកន្លងមក សមត្ថកិច្ចយើង ចុះបង្ក្រាបកន្លែងកូនកញ្ច្រែងកត់កន្ទុយលេខ ដើម្បីបានក្បាលកាក់ខ្លះ គ្រាន់ចិញ្ចឹមឆ្នាំបាយ ដោយចាប់គ្នាយកទៅកៀបយកលុយតែម្តង ខ្លះអស់រាប់ពាន់ដុល្លារ នឹងខ្លះទៀតខ្ទង់ម៉ឺនដុល្លារ ទើបបានរួចខ្លួនមកផ្ទះវិញ។ ទង្វើនេះ កន្លងមកត្រូវមហាជនរិះគន់យ៉ាងចាស់ដៃ ទៅលើអ្នកចុះបង្ក្រាប និងអ្នកបញ្ជា នៅគ្រាដែលមេៗ សមត្ថកិច្ចតាំងពីថ្នាក់ទាបរហូតថ្នាក់ផ្កាយពេញលើស្មារ បានដឹង បានឮពីមេកន្ទុយលេខធំប្រមូលលុយម៉ាស្រុកខ្មែរ នៅនឹងភ្នែក និងច្រមុះ បែរជាមិនបង្ក្រាបទៅវិញ ឬមួយលោកឧកញ៉ាមេកន្ទុយលេខម៉ាស្រុកខ្មែរ ចេះប្រើអំណាចដុល្លារ ដ៏មហាអស្ចារ្យបិតបាំងអស់លោកមិនឱ្យមើលឃើញ? ។ គេថា បើថ្នាក់លើបង្ក្រាបតែមេធំម្នាក់​នេះ កូនកញ្ច្រែងតូចៗបិតឯងហ្មង ដោយសារអត់មានមេទទួលយក។

មហាជនបានបញ្ចាក់ប្រាប់នាយ" ក្តាមប្រៃ" ថា ពួកគាត់ចាំមើលថា តើរាជរដ្ឋាភិបាលអាណត្តិទី៦នេះ នឹងមានវិធានការអាជីវកម្មកន្ទុយលេខ ដែលសមត្ថកិច្ចតែងតែបង្ក្រាប ដោយអះអាងថា អត់ច្បាប់នោះ ទៅលើលោកឧញ៉ា អ៊ូ ឆាយ មេកន្ទុយលេខដុះស្លែរូបនេះបានដែរឫអត់?៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post