
ព្រះវិហារៈ យុវជន២នាក់ ត្រូវជាបងប្អូនបង្កើតនាំគ្នា ទៅឆក់ត្រី តែចៃដន្យឆក់បងស្លាប់យ៉ាងអាណោចអាធ័ម រីឯប្អូនរងរបួស។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រម៉ាណ១០៖៣៨នាទីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោក ឱ សេង អធិកាស្រុកជាំក្សាន្ត បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសពីរនាក់ បងប្អូនបាននាំគ្នាទៅឆក់ត្រីក្នុងអូរនៅខាងក្រោយផ្ទះចម្ងាយប្រហែល២០០ម៉ែត្រ តែចៃដន្យភ្លាត់ស្នៀតឆក់បុរសជាបងស្លាប់ ចំណែកប្អូនរងរបួស។
លោកអធិការស្រុក ក៏បានឲ្យដឹងផងដែរថា ជនរងគ្រោះឈ្មោះ យិន សុផាត់ អាយុ២៣ឆ្នាំ មុខរបរកសិករ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវជាបងស្លាប់នៅនឹងកន្លែងកើតហេតុ។ ទី២ ឈ្មោះ យិន សុខលូត អាយុ១៩ឆ្នាំ មុខរបរ ជាកសិករ ស្នាក់នៅភូមិឃុំជាមួយគ្នាខាងលើ ត្រូវជាប្អូន រងរបួសស្រាល ត្រូវបានបញ្ជូនសង្រ្គោះនៅមណ្ឌលសុខភាពសម្តេច ជា ស៊ីម ស្រះក្តុលបានទាន់ពេល។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសពនឹងធ្វើកោសលវិច័យឃើញថា សាកសពពិតជាបានស្លាប់ដោយសារឆក់ខ្លួនឯងពិតប្រាកដមែន។ ពិនិត្យរួច សមត្ថកិច្ចធ្វើការប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសាធ្វើបុណ្យតាមប្រពៃណី៕
