
ភ្នំពេញៈ រថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង បើកបរក្នុងល្បឿនលឿន តៃកុងងោកមួយភាំងរេចង្កូតមកបុកឡើងលើសួនក្រឡាប់រថយន្តចាក់ទឹកកករាយពេញផ្លូវ កាលពីវេលាម៉ោង៤៖៤០នាទីទាបភ្លឺ ឈានចូលថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរគ្នា៣នាក់ បើករថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1419 បើកតាមបណ្តោយផ្លូវជាតិលេខ៦A ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនហើយក៏ងោកមួយភាំងរេចង្កូតទៅបុកឡើងលើសួនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ចាក់ទឹកកកចេញពីរថយន្តអស់ រីឯឃឿនសួនពុះចែកទ្រូងផ្លូវរងការខូចខាតជាច្រើនកង់ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ចំណែកតៃកុងរថយន្តក៏បានរត់គេចខ្លួនបាត់ស្រមោល ហើយក៏មានរថយន្តមួយគ្រឿងទៀត មកប្រមូលទឹកកកដែរសល់យកទៅ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងនឹងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំភាគីតំណាងខាងរថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់៕

