ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្ត LEXUS RX300 មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន បានគេចរថយន្តមួយគ្រឿងទៀត ក៏ជ្រុលចង្តូតទៅបុកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងបាក់របាំងថ្មអស់១កង់ ចំណែកអ្នកបើកបរ រងរបួសជង្គង់ធ្ងន់ ចុះពីរថយន្តសឹងមិនចង់រួច។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើងឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨នេះ (ត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ) តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាក្សីនៅក្បែរកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារ CAM POST ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តមួយគ្រឿង ម៉ាក LEXUS RX300 ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ AQ-0850 បើកបរដោយបុរសជនជាតិចិន មិនស្គាល់អត្តសញ្ញាណម្នាក់ ក្នុងស្ថានភាពស្រវឹងស្រាធ្លាក់ភ្នែក ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានបើកវ៉ារថយន្តមួយគ្រឿងទៀត ក៏ជ្រុលចង្តូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងតែម្ដង បណ្ដាលឲ្យរថយន្តរងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ និងហូរហៀរប្រេងពេញផ្លូវ និងបាក់របាំងថ្មអស់១កង់ ចំណែកឯបុរសជនជាតិចិនដែលជាអ្នកបើកបរ បានរងរបួសចំជង្គង់ធ្ងន់ បានបើកទ្វារចុះមកទាំងស្រវឹងស្រាផង និងរបួសផង ទើបអង្គុយរុញរានៅលើរថយន្តតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ រួចទាក់ទងទៅសមត្តកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិរដ្ឋទៅតាមនីតិវិធីផ្លូវច្បាប់៕