ភ្នំពេញៈ ប្រជាពលរដ្ឋបានប្រទះឃើញស្រ្តីមិនស្គាល់អត្តសញ្ញាណម្នាក់ បានចងកសម្លាប់ខ្លួននៅដើមឈើ បង្កការផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ស្ថិតនៅលើដើមឈើមួយដើមចិញ្ចើមផ្លូវព្រះស៊ីសុវត្ថិខាងកើតមន្ទីរពេទ្យព្រះកេតុមាលា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
សពស្ត្រីខាងលើ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ស្លៀកពាក់ខោអាវឈុត ហើយនៅក្រោមដើមឈើកើតហេតុ គេឃើញមានស្បែកជើងមួយគូ ពណ៌ខ្មៅ។ ស្ត្រីខាងលើនេះ បានធ្វើអត្តឃាតដោយខ្សែអង្រឹងនៅលើដើមឈើ ដែលមានកម្ពស់ពីដីប្រមាណ២ម៉ែត្រ។
ប្រភពព័ត៌មានពីសមត្ថកិច្ចទៅដល់កន្លែងកើតហេតុឲ្យដឹងថា ប្រជាពលរដ្ឋបានប្រទះឃើញហើយរាយការណ៍ប្រាប់អជ្ញាធរ រួចសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើកោសលវិច័យតែម្តង។
ក្រោយពេលពិនិត្យកោសលវិច័យរួច សមត្ថកិច្ចឲ្យដឹងថា សពពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនពិតប្រាកដមែន។ បន្តាប់មកសពត្រូវបានដឹកទៅតម្កល់ទុកក្នុងវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕