header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អតីតប្រធានគណបក្សអំណាច លោក សួន សេរីរដ្ឋា បានទម្លាយ​ឲ្យដឹងថា ក្នុងរយៈពេលជាង១ឆ្នាំ ដែលគាត់ជាប់ពន្ធនាគារ គ្មានអង្គ​ការជាតិ និងអន្តរជាតិណា ចុះទៅសួរសុខទុក្ខនោះទេ។

ការលើកឡើងរបស់អតីតមេបក្សរូបនេះ បន្ទាប់ពីលោកឃើញថា អ្នកជាប់​ពន្ធនាគារមួយចំនួន ពិសេសនោះ គឺអតីតក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ ត្រូវបានអង្គការជាតិ និងអន្តរជាតិមួយចំនួន ចូលជួបសួរសុខទុក្ខ ពេលកំពុងជាប់ពន្ធនាគារ។

លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ បញ្ជាក់​ឲ្យដឹងនៅថ្ងៃទី៣០ ខែសីហានេះថា "រយៈពេល១ឆ្នាំ១០ថ្ងៃ ដែលខ្ញុំជាប់ឃុំឃាំង គ្មានអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិណាមួយរវីរវល់មកសួរសុខទុក្ខ សួរនាំលើកទឹកចិត្តខ្ញុំទេ។ សូម្បីអង្គការ Licado ដែលចូលទៅក្នុងពន្ធនាគាររៀងរាល់អាទិត្យយកថ្នាំពេទ្យទៅចែក និងដុកទ័រ ទៅជួយពិនិត្យសុខភាពនោះ ក៏មិនដែលហៅខ្ញុំមកជួបសួរជួយពិនិត្យសុខភាព ឬឲ្យថ្នាំពេទ្យបានមួយគ្រាប់ដែរ"

យ៉ាងណាក្តី លោក សួន សេរីរដ្ឋា ឲ្យដឹងថា មានតែស្ថានទូតអាមេរិក (ទៅជួប៣ដង) កាកបាទក្រហមអន្តរជាតិ (ទៅជួប២ដង) ក្រុមដុកទ័រពីស្ថានទូតថៃ (បានជួយពិនិត្យសុខភាពឲ្យលោកម្តង) និងក្រៅពីនោះមានតែប្រពន្ធកូនគ្រួសាររបស់លោក (ទៅជួបស្ទើររាល់ថ្ងៃ) ព្រមទាំងមិត្តភក្តិ អ្នកគាំទ្រញុំប៉ុណ្ណោះ ដែលបានចូលទៅជួបសួរសុខទុក្ខលោកដល់ពន្ធនាគារ។

លោកបញ្ជាក់ថា "ខ្ញុំចង់ប្រាប់សាធារណជនថា ការលើកលែងទោសឲ្យខ្ញុំទទួលបានសេរីភាព វាគ្មានទាក់ទងនឹងពួកអង្គការសិទ្ធិមនុស្សណា ឬរដ្ឋាភិបាលអន្តរជាតិណាទេ ក្រៅពីក្រុមការងារ និងក្រុមគ្រួសាររបស់ខ្ញុំ ដែលព្យាយាមតាមលទ្ធភាព ជាក់ស្តែងតាមផ្លូវតុលាការ និងតាមដំណោះស្រាយនយោបាយ ក្នុងស្មារតីខ្មែរជាតិសាសន៍តែមួយ។ ដូច្នោះសូមសាធារណៈ កុំយល់ច្រឡំ"

សូមរំឭកថា លោក សួន សេរីរដ្ឋា ត្រូវបានព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោស កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ខណៈដែលលោកជាប់ពន្ធនាគារនៅមណ្ឌលអប់រំកែប្រែព្រៃស (ម១) ស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជាធានីភ្នំពេញ ហើយត្រូវបានដោះលែងឲ្យមានសេរីភាពវិញ នៅថ្ងៃលើកលែងទោសដដែលនោះ វេលាម៉ោង៧យប់។

សូមបញ្ជាក់ថា លោក សួន សេរីរដ្ឋា កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ និងតំណាងអយ្យការ លោក សៀង សុខ និងលោក សេង ហៀង បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល ចូលថវិការដ្ឋ។

លោក សួន សេរីរដ្ឋា ត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសចំនួន៣ ទី១. ញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់, ទី២. ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងទី៣. ញុះញុង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៧១, ៤៧២ និងមាត្រា៤៩៤, ៤៩៥ នៃក្រមព្រហ្មទណ្ឌ។

សូមរំឭកទៀតថា ការដោះលែងឲ្យមានសេរីភាពដល់អតីតគណបក្សអំណាចខ្មែររូបនេះ បន្ទាប់ពីលោកបានសរសេរលិខិតមួយច្បាប់ សុំទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាផ្លូវការ ដើម្បីស្នើសុំដោះលែងរូបលោក កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨កន្លងមក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post