លោក ឧកញ៉ា ម៉ុង ឫទ្ធី និងភរិយា ព្រមទាំងក្រុមគ្រួសារបានទៅដល់សហរដ្ឋអាមេរិក វេលាម៉ោង៤:៤០នាទីល្ងាចថ្ងៃអង្គារទី២១ ខែសីហា ឆ្នាំ២០១៨។ ក្រោយពីបានទៅដល់អាកាសយានដ្ឋានអន្តរជាតិ(សាន់ហ្វ្រាន់ស៊ីស្កូ)របស់អាមេរិកភ្លាម លោក ឧកញ៉ា ម៉ុង ឫទ្ធី ដែលគេទទួលស្គាល់ថាជាឧកញ៉ាចិត្តធម៌ បានសរសេរក្នុងគេហទំព័រហ្វេសប៊ុកថា៖
វេលាម៉ោង៦ល្ងាចថ្ងៃអង្គារទី២១ ខែសីហា ឆ្នាំ២០១៨ ចេញពីអាកាសយានដ្ឋានមានបងប្អូនខ្មែរយើងរស់នៅសហរដ្ឋអាមេរិក មកទទួលច្រើនគួរសមដែរ និងមានខ្មែរម្នាក់ដែលបម្រើការងារក្នុងព្រលានយន្តហោះអន្តរជាតិ សាន់ ហ្វ្រាន់ស៊ីស្កូ ក៏មកទទួលស្វាគមន៍ផងដែរ។
លោក ឧកញ៉ា ម៉ុង ឫទ្ធី បានឌឺដងថា៖ អ្នកដែលចង់មករស់នៅសហរដ្ឋអាមេរិកមើលបុរសឈរសុំលុយយកទៅទិញបង់រុំដំបៅជើងនេះហើយពិចារណាសិន។
សូមបញ្ជាក់ថា៖ លោក ឧកញ៉ា ម៉ុង ឫទ្ធី និងភរិយារួមជាមួយ និងក្រុមគ្រួសារដែលមានសមាជិកចំនួន៧នាក់ បានចាកចេញពីព្រះរាជាណាចក្រកម្ពុជាវេលាម៉ោង១២និង៣៥នាទី ថ្ងៃអង្គារ៍ទី២១ ខែសីហា ឆ្នាំ២០១៨ ដើម្បីទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិករយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី២១-២៩ ខែសីហា ឆ្នាំ២០១៨ ដើម្បីទៅចូលរួមក្នុងពិធីទទួលសញ្ញាបត្ររបស់ចៅស្រី និងចូលរួមក្នុងពិធីជប់លៀងជាមួយពាណិជ្ជករខ្មែរ-អាមេរិកកាំង ដែលជាអ្នកស្រឡាញ់រាប់អានរបស់លោកឧកញ៉ា ប្រមាណជាមួយរយនាក់ផងដែរ ក្នុងឱកាសនោះគណប្រតិភូក៏នឹងត្រូវទៅ ពិនិត្យសិក្សា មើលការរីកចម្រើនលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងកែច្នៃរបស់សហរដ្ឋអាមេរិក ដើម្បីយកបទពិសោធមកអភិវឌ្ឍនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើងផងដែរ ។
លោក ម៉ែន គឹមសេង អ្នកសារព័ត៌មានរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិកថា៖ លោកឧកញ៉ាម៉ុង ឫទ្ធី បានមកដល់សហរដ្ឋអាមេរិក បើទោះបីជាអង្គការ Global Witness បានអំពាវនាវឱ្យដាក់ទណ្ឌកម្មលោក និងឧកញ៉ាបីនាក់ផ្សេងទៀត។ លោកបានស្នើឱ្យពលរដ្ឋខ្មែរដែលចង់មករស់នៅសហរដ្ឋអាមេរិកពិចារណាឡើងវិញ ដោយសារលោកបានឃើញអ្នកសុំទានម្នាក់។