ភ្នំពេញៈ បន្ទាប់ពីការបោះឆ្នោតជាតិបានបិទបញ្ចប់ ហើយលទ្ធផលបង្ហាញថា គណបក្សប្រជាជនកម្ពុជា នឹងបន្តដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៦ទៀតនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យមន្រ្តីក្រោឱវាទកុំបក្ខពួកនិយម និងប្រព្រឹត្តអំពើពុករលួយនៅអាណត្តិទី៦នេះ។
សម្តេចក្រឡហោម ស ខេង បានមានប្រសាសន៍ថា អាណត្តិទី៦ខាងមុខនេះ គឺមានបញ្ហាប្រឈមជាច្រើន ដែលត្រូវបានដោះស្រាយ។ ដូច្នេះមន្រ្តីតមហាផ្ទៃទាំងអស់ ត្រូវលើកតម្កើង និងផលប្រយោជន៍ជាតិធំជាងអ្វីៗទាំងអស់។
យោងតាមហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី១២ សីហា សម្តេចបានសង្កត់ធ្ងន់ថា មន្រ្តីទាំងអស់ត្រូវធ្វើអំពើល្អ មិនបែងចែក មិនបក្ខពួកនិយម មិនគ្រួសារនិយម ប្រឆាំងអំពើពុករលួយ មិនប្រើអំណាចដោយរំលោភ។
ជាមួយគ្នានេះសម្តេចក្រឡាហោម ស ខេង ក៏បានអរគុណផងដែរដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងមហាផ្ទៃ ដែលបានប្រឹងប្រែងបំពេញភារកិច្ច ទទួលបានជោគជ័យយ៉ាងធំធេងជូនប្រទេសជាតិ និងប្រជាជនយើងតាមតួនាទីភារកិច្ចរៀងៗខ្លួន ជាពិសេសកិច្ចការទាំងឡាយដែលទាក់ទងដល់ការបម្រើការបោះឆ្នោតជាតិថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ។
ពាក់ព័ន្ធនឹងការលើកឡើងនេះ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្តេជ្ញាចិត្តខិតខំប្រែក្លាយអនុសាសន៍របស់សម្តេចឲ្យទៅជាការពិតនៅក្នុងសកម្មភាពជាក់ស្តែងរបស់នគរបាលជាតិក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលខាងមុខនេះ។
លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី១៣ សីហានេះ លោកនាយឧត្តមសេនីយ៍បានបញ្ជាក់ថា កងកម្លាំងទាំងអស់តែងចងចាំជានិច្ចនូវអ្វី ដែលជាការណែនាំ សម្តេចធ្លាប់ទូន្មានដល់មន្ត្រីនគរបាលគ្រប់រូបឲ្យប្រព្រឹត្តអំពើល្អ និងខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន៕