
ព្រះសីហនុៈ អាជ្ញាធរខេត្តព្រះសីហនុបានបន្តចុះរៀបចំសណ្តាប់ធ្នាប់ រុះរើសំយ៉ាបដែលសង់រំលោភចំណីផ្លូវសាធារណៈ ក៏ដូចជាណែនាំឲ្យប្រជាពលរដ្ឋ ក៏ដូចម្ចាស់អាជីវកម្មជាដើមត្រូវតែមានធុងសំរាមរបស់ខ្លួនសម្រាប់ដាក់សំរាម មិនឲ្យរាយប៉ាយពាសវាលពាសកាលនោះទេ ។


ការចុះរៀបចំសណ្តាប់ធ្នាប់នេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ។ សមត្ថកិច្ចបានតម្រូវឲ្យម្ចាស់ទីតាំងដាក់ ត្រូវតែដាក់ធុងសំរាមឲ្យបានត្រឹមត្រូវ និងចុះអប់រំ ណែនាំឲ្យម្ចាស់ទីតាំងរុះរើសំយ៉ាបដែលពួកគេបានសង់រំលោភលើចំណីផ្លូវសាធារណៈរបស់រដ្ឋចេញផងដែរ ក្នុងនោះ មានដូចជាទីតាំងនៅហាងចិន (អតីត កោះតាគៀវ) ក្បែរបែនឡានមហោស្រព ស្ថិតក្នុងសង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុជាដើម ។


អាជ្ញាធរបានសុំសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាមេត្តាកុំរំលោភយកចំណីផ្លូវសាធារណៈយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនតទៅទៀត គឺសូមគិតអំពីផលប្រយោជន៍រួមផង កុំគិតតែផលប្រយោជន៍ខ្លួនឯងសួនតួពេកនោះ ៕

