បន្ទាយមានជ័យៈ នៅវេលាម៉ោង៥និង៥៥ នាទីព្រលប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅប្លុកអក្សរB នៃផ្សារថ្មថ្មីក្នុងផ្សាររោងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ មានករណីអគ្គិភ័យកើតឡើង បណ្តាលឲ្យតូបលក់ដូរចំនួន១០តូបជារបស់អាជីករខ្មែរត្រូវបានឆេះអស់គ្មានសល់ ។
អគ្គិសភ័យនេះបើយោងតាមសម្តីអាជីកររងគ្រោះឆេះតូប ឲ្យដឹងថា គឺផ្តើមពីតូបមួយដែលលក់គ្រឿងឧបករណ៍ក្មេងលេង ខណ:ដែលម្ចាស់តូបនោះកំពុងរម្ងាស់ស៊ុបក្នុងតូប ក៏ផ្ទុះកំប៉ុងហ្គាស់ បណ្តាលឲ្យមានអគ្គិភ័យឆេះរាលដាលទៅតូបអ្នកជិតខាងតែម្តង ។
សូមបញ្ជាក់ផងថា អគ្គិភ័យឆាបឆេះស្របពេល ដែលអាជីវករខ្មែរ ខ្លះកំពុងបិទតូបដើម្បីចាកចេញ ខ្លះក៏ចាកចេញមកដល់ផ្ទះសម្បែងក្នុងក្រុងប៉ោយប៉ែត រីឯខ្លះទៀតសម្រាកក្នុងតូបកន្លែងកើតហេតុ ។ ក្រោយឆេះសមត្ថកិច្ចថៃមិនអនុញ្ញាតឲ្យពលរដ្ឋ ឬអាជីវករខ្មែរព្រមទាំងសមត្ថកិច្ចភាគីកម្ពុជា ចូលទៅកន្លែងកើតហេតុទេ រួមទាំងរថយន្តពន្លត់អគ្គិសភ័យកាស៊ីណូផងដែរ ។ ជាមួយនោះដែរ គ្មានអ្នកណាម្នាក់ររបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ។
តែមកដល់ពេលនេះ ប្រភពពីអាជីវករខាងក្នុងបានរាយការណ៍មកថា សមត្ថកិច្ចថៃបានគ្រប់គ្រងកន្លែងកើតហេតុបានហើយនៅម៉ោងប្រមាណ៧និង១០នាទីយប់នេះព្រោះទីតាំងកើតហេតុផ្លូវមានភាពតូចចង្អៀតធ្វើឲ្យថយន្តពន្លត់ពិបាកក្នុងការចេញចូលពន្លត់ ប៉ុន្តែ ផ្សែងនៅតែហុយៗនៅឡើយ ៕