បាត់ដំបងៈ សង្ស័យថា មិនបានគិតពិចារណាឲ្យគ្រប់ជ្រុងជ្រោយមួយពេលនោះទេ ទើបបុរសម្នាក់នេះ បណ្តោយឲ្យលង់គំនិតអូសទាញទៅរកផ្លូវមួយ ដែលនឹងធ្វើឲ្យមានការសោកស្តាយ អាឡោះអាល័យបំផុតពីសាច់ញាតិ ក្រុមគ្រួសារ ប្រសិនការជ្រើសរើសរបស់គាត់ ពិតជាបានសម្រេច តាមតែចិត្តដែលនឹកឃើញមែននោះ ។ ប៉ុន្តែនេះនៅមានគុណបុណ្យតាមជួយថែរក្សាទាន់ពេលចំពោះបុរសដែលផឹកថ្នាំប៉ុនប៉ងសម្លាប់ខ្លួនឯង ដោយគ្រាន់តែរឿងប្រពន្ធសុំចែកផ្លូវសោះហ្នឹង ។
សេចក្តីរាយការណ៍ ដែលសារព័ត៌មាន CAM POST បានទទួលគឺថា មានបុរសម្នាក់ បានផឹកថ្នាំបាញ់ស្មៅ បណ្តាលឲ្យមានអាការក្អួតចង្អោរ ហើយត្រូវបានសាច់ញាតិឃើញទាន់ ជួយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យទាន់ពេលវេលារួចផុតពីក្តីគ្រោះថ្នាក់ដល់អាយុជីវិត និងមានការភ្ញាក់ផ្អើលរាយការណ៍សមត្ថកិច្ចអាជ្ញាធរជំនាញចុះមកពិនិត្យផងដែរ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចអូរក្រូច ស្ថិតក្នុងភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានឲ្យដឹងយ៉ាងខ្លីថា ជនរងគ្រោះឈ្មោះ ហូរ ធ្លាក់ (ហៅជីដី) ភេទប្រុស អាយុ៣៧ឆ្នាំ បានសម្រេចចិត្តផឹកថ្នាំបាញ់ស្មៅ លេខ(48) ក្នុងបំណងសម្លាប់ខ្លួនឯង ដែលមានទីលំនៅ ភូមិភ្នំព្រឹក-ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ភ្លាមៗនោះ ត្រូវបានសាច់ញាតិរបស់ជនរងគ្រោះដដឹកតាមម៉ូតបញ្ជូនទៅនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ដើម្បីជួយសង្គ្រោះផងដែរ ដោយជនរងគ្រោះតូចចិត្តនឹងប្រពន្ធសុំលែងលះគ្នា ៕