header ads

Sponsor

ពិសី

កំពង់ស្ពឺៈ បើទោះជាប្រមុខរដ្ឋាភិបាល បានចេញបញ្ជាឲ្យសមត្ថកិច្ចជំនាញ មេព្រៃ ទប់ស្កាត់ និងបង្ក្រាប ការដឹកជញ្ជូន ឈើខុសច្បាប់យ៉ាងណាក្តី ក៏ឈ្មួញឈើ ដែលគេស្គាល់ថា ម្នាក់ជាមន្ត្រីយោធានៅក្នុងខេត្តព្រះសីហនុ ហើយមានខ្នងបង្អែកម្នាក់ ជាឧត្តមសេនីយ៍ផ្កាយ២ នៅខេត្តកំពត កាងនៅពីក្រោយខ្នងផងនោះ ហាក់បីដូចជាមិនគោរព និងអនុវត្តន៍តាមឡើយ ហើយរឹតតែបង្កើនការដឹកឈើខ្លាំងជាងមុនលើសដើមថែមទៀត ។

បើតាមសេចក្តីរាយការណ៍ពីមន្ត្រីនគរបាលមូលដ្ឋានមួយរូបបានឲ្យដឹងថា ស្ទើរតែជារៀងរាល់យប់គេបានឃើញរថយន្តដឹកឈើរបស់ឈ្មួញម្នាក់នោះ ចូលដឹកឈើនៅផ្ទះឈ្មួញកណ្តាលម្នាក់ ឈ្មោះ លាង ចេញពីឃុំចំបក់ និងឃុំក្រាំងដីវ៉ាយ នៃស្រុកភ្នំស្រួច ឆ្លងកាត់ប៉ុស្តិ៍សមត្ថកិច្ច ជាច្រើនឆ្ពោះទៅកាន់ស្រុកកំពង់សិលាខេត្ត ព្រះសីហនុដើម្បីស្តុបទុក ពេលបានច្រើនហើយចំនួន១រថយន្តយីឌុបហើយនោះ ឈ្មួញរូបនោះដឹកតាមកប៉ាល់ដឹកចេញពីក្រុងព្រះសីហនុទៅក្រៅប្រទេស និងដឹកតាមច្រកមួយទៀតតាមខេត្តកំពត រួចលក់ឲ្យឈ្មួញធំៗដឹកយកទៅប្រទេសវៀតណាម ។

ប្រភពដដែលបានបន្តទៀតថា ក្នុង១យប់ៗឈើដឹកទៅកាន់ខ្លាំងរបស់ឈ្មួញឈ្មោះ វណ្ណា ជាមន្ត្រីយោធាផងនោះ មិនក្រោម៣ទៅ៤ឡានយីឌុបនោះទេ ហើយយូរៗម្តង (១០០ម៉ែត្រគូប) ទើបគេវាស់វែងគិតលុយឲ្យក្រុមឈ្មួញកណ្តាលឈ្មោះ លាង ដែលទទួលទិញពីពលរដ្ឋក្នុងតំបន់នោះម្តង ។

ឈ្មួញឈើម្នាក់ខាងលើនេះ ហាក់បីដូចជាមានសំណាងជាងឈ្មួញម្នាក់នៅស្រុកឱរ៉ាល់ ដែលរងនូវការចាប់បង្ក្រាបជាបន្តបន្ទាប់ ហើយកសាងសំណុំរឿងដាក់ពន្ឋនាគារទៀតផង ជាពិសេសគឺគេសង្កេតឃើញថា ឈ្មួញឈ្មោះ វណ្ណា នេះនៅមានយីអ៊ុន គេចផុតពីការតាមចាប់បង្ក្រាបរបស់សមត្ថកិច្ច និងជំនាញពាក់ព័ន្ឋគ្រប់ពេលវេលាតែម្តង ។

ការដែលគេអាចគេផុតពីការតាមចាប់នេះដែរ បើតាមឈ្មួញម្នាក់នៅត្រពាំងក្រឡឹងបានបង្ហើបឲ្យដឹងថា ដោយសារតែឈ្មួញឈ្មោះ វណ្ណា នេះមានខ្នងបង្អែកធំលោកឧត្តមសេនីយ៍ទោ (ផ្កាយ២)ម្នាក់ នៅក្នុងខេត្តកំពតជាអ្នកកាងហើយ អ្នកទាំងនោះ បានទិញទឹកចិត្តមន្ត្រីថ្នាក់ក្រោមគឺ (សង្កាត់រដ្ឋបាលព្រៃឈើត្រែងត្រយឹងតែម្តង) បានទើបថ្នាក់លើមិនដឹងហើយបើដឹងក៏ចាប់អត់បានដែរព្រោះមានអ្នករាយការណ៍ឲ្យគេចគ្រប់ពេលវេលាតែម្តង ។

លោកបានបន្តទៀតថា កាលដែលគាត់ឈប់រករបដឹកឈើនេះគឺ ដោយសារតែតទល់មិនឈ្នះគេម្យ៉ាងគេជាសមត្ថកិច្ច ផងជាឈ្មួញផងហើយលោកជាអ្នករកសុីធម្មតាគ្មានអំណាចដូចគេឡើយ ។ អ្វីដែលជាការកត់សំគាល់កន្លងមក គឺរាល់ការដឹកឈើចេញរបស់គាត់គឺត្រូវបានសមត្ថកិច្ចចាប់បង្ក្រាបស្ទើរតែរាល់ពេល ចំណែកឡានដឹកឈើរបស់ឈ្មួញឈើឈ្មោះ វណ្ណា (យោធា) នោះវិញ គាត់មិនដែលឃើញអស់លោកខាងណាចាប់បង្ក្រាបបានម្តងណាឡើយ កុំថាខាងកំពង់ស្ពឺ សូម្បីខាងខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប និង តាកែវក៏មិនដែលចាប់បានដែរ ។

ព្រោះតែហេតុនេះហើយ ទើបលោកសម្រេចចិត្តថា ឈប់រកសុីរបបរនេះ ម្យ៉ាងឈ្មួញឈ្មោះជាតិនៅខាងតាកែវ ក៏មិនទាន់គិតលុយថ្លៃឈើឲ្យលោកផង ដូច្នេះលោកគ្មានលុយសងថ្លៃឈើគេ ហើយម្ចាស់បំណុលមកតាមទារស្ទើរាល់ថ្ងៃទើបឈប់តែម្តង ។

តាមអ្វីដែលលោកដឹង គឺឈ្មួញឈ្មោះ ជាតិ បានទម្លាក់លុយឲ្យឈ្មោះ វណ្ណា មិនដែលខាននោះទេ ដើម្បីដឹកឈើទៅលក់ឲ្យគេបានលក់បន្តទៅវៀតណាម ហើយបើកាលណាឈ្មោះ ជាតិ នៅតាកែវខកខានមិនបានគិតលុយឲ្យពួកគេ បើមានឈើគេដឹកទៅលក់ឲ្យថៅកែម្នាក់ ដែលមានឃ្លាំងនៅម្តុំសែនសុខវិញ ។

រឿងមន្ត្រីយោធាធ្វើជំនួញឈើនេះ ដែលកាលណាអ្នកកាសែតដឹងរឿងហើយប្រាប់មេព្រៃឲ្យចុះបង្ក្រាប ដូចប្រាប់ឲ្យខាងមេព្រៃរាយការណ៍ឲ្យមេឈ្មួញដឹងដូច្នោះដែរ និយាយរួមមេព្រៃ និងឈ្មួញ គឺជាមិត្តល្អនឹងគ្នា (ដើរស៊ីផឹកជាមួយគ្នាថែមទៀតផង) ។

ជាក់ស្តែងនាយប់ថ្ងៃទី០៧ ឈានចូលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ឡានដឹកឈើ២គ្រឿងរបស់ឈ្មួញម្នាក់ឈ្មោះ វណ្ណា ជាមន្ត្រីយោធាផងនោះ បានចូលទៅទឹកដីឃុំចំបក់(ក្រោយស្នាក់ការមេព្រៃ) លើកឈើប្រុងដឹកចេញ តែបែកការណ៍ដឹងដល់អ្នកសារព័ត៌មាន ក៏បានរាយការណ៍ជូនអស់លោកមេព្រៃដើម្បីបង្ក្រាប ប៉ុន្តែ តែសេចក្តីរាយការណ៍នេះតាមរយៈមេព្រៃក៏ដឹងដល់មេឈ្មួញភ្លាមៗតែម្តង ហើយផ្អាកសកម្មភាពដោយឲ្យចេញតែឡានកូរ៉េ១គ្រឿង ប៉ុណ្ណោះ ។

ពាក់ព័ន្ឋករណីនេះ ដែលព័ត៌មានដែលដឹងដល់ឈ្មួញត្រូវបានប្រភពអះអាងថា គឺលោកហ៊ន ធា ជានាយសង្កាត់រដ្ឋបាលព្រៃឈើសង្កាត់ត្រែងត្រយឹង តែម្តង ជាអ្នកប្រាប់ទៅក្រុមមេឈ្មួញឲ្យផ្អាកសកម្មភាព ព្រោះបែកការណ៍ដឹងដល់អ្នកកាសែតប្រចាំខេត្តហើយ ។

ដោយឡែកលោក ហ៊ន ធា នាយសង្កាត់រដ្ឋបាលព្រៃឈើត្រែងត្រយឹង មិនអាចទាក់ទងសុំការពន្យល់បានទេ ពាក់ព័ន្ឋករណីនេះ ដោយមិនមានលេខទូរសព្ទ័ទំនាក់ទំនង ។

ពាក់ព័ន្ឋនឹងករណីមន្ត្រីយោធាអាងអំណាចរបស់ខ្លួនយកមករកសុីដឹកបទល្មើសព្រៃឈើ ដែលច្បាប់បានហាមឃាត់នេះដែរ អ្នកយកព័ត៌មានមិនអាចទំនាក់ទំនងទៅលោក វណ្ណា ជាមន្ត្រីយោធាផង ជាមេឈ្មួញរកស៊ីបទល្មើសព្រៃឈើផង ហើយនិងលោកផ្កាយ២ដែលជាខ្នងបង្អែកបានទេកាលពីល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ។ ដូចនេះ ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរពាក់ពន្ធ័ ជាពិសេសថ្នាក់លើរបស់មេព្រៃ ដែលមានលោកនាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ មេត្តាជួយពិនិត្យមើលទង្វើររបស់លោក ហ៊ន ធា នាយសង្កាត់រដ្ឋបាលព្រៃឈើត្រែងត្រយឹងផង បើបណ្តែតបណ្តោយតទៅទៀតច្បាស់ជាព្រៃឈើក្នុងឧទ្យានជាតិគិរីរ
ម្យរលាយហិនហោចដោយសារតែលោកហ៊ន ធា ឃុបឃិតជាមួយក្រុមមេឈ្មួញជាក់ជាមិនខានឡើយ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post