header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ចិនៈ យោងតាមសេចក្តីរាយការណ៍ថ្មីរបស់កាសែតSouth China Morning Post បានឲ្យដឹងថា មហាអំណាចចិនកំពុងកើនឡើងជាមួយនឹងការបោះពុម្ពរូបិយប័ណ្ណបរទេសក្នុងទំហំដ៏ច្រើនសន្ធឹកសន្ធាប់ ដែលជាផ្នែកមួយនៃការប៉ុនប៉ងមហិច្ឆិតាពង្រីកឥទ្ធិពលសកលរបស់ខ្លួន។

រោងចក្របោះពុម្ពលុយនៅទូទាំងប្រទេសចិន បានចាប់ផ្តើមដំណើរការហើយដើម្បីឈានដល់ បរិមាណកំណត់កូតាខ្ពស់ខុសពីធម្មតាដោយរដ្ឋាភិបាលចិនក្នុងឆ្នាំនេះ។

ប្រភពជាច្រើនបាននិយាយប្រាប់កាសែតដែលមានមូលដ្ឋាននៅទីក្រុងហុងកុងមួយនេះថា រោងចក្របោះពុម្ពក្រដាស់ប្រាក់ កំពុងតែដំណើរការយ៉ាងពេញទំហឹង ដើម្បីឈានដល់តម្រូវការរបស់បក្សកុម្មុយនីស្តចិន។

នៅពេលនេះ ក្រដាសប្រាក់យ័នរបស់ចិន ផលិតក្នុងបរិមាណតិចតួចប៉ុណ្ណោះ ដោយសារតែពលរដ្ឋចិនភាគច្រើនងាកមករកការចំណាយតាមទូរស័ព្ទដៃវិញ។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ភាគច្រើននៃតម្រូវការរូបិយប័ណ្ណ មកពីបណ្តាប្រទេសចូលរូម “បណ្តើមគំនិតក្រវ៉ាត១ និងផ្លូវ១”របស់ចិន។

ចិនទើបតែបានបោះពុម្ពក្រដាសប្រាក់បរទេសកាលពីរយៈពេលប៉ុន្មានឆ្នាំមុនប៉ុណ្ណោះ។

កាលពីឆ្នាំ២០១៥ នេប៉ាល់ បានផ្តល់កុងត្រាមួយដើម្បីបោះពុម្ពក្រដាសប្រាក់១ពាន់រូពីចំនួន២០០លានសន្លឹក ទៅឲ្យសារជីវកម្មរដ្ឋចិន China Banknote Printing and Minting Corporation ។

លោកប៊ូបាន កាដែល គឺជានាយកប្រតិបត្តិរបស់ធនាគារ Nepal Rastra Bank បាននិយាយប្រាប់កាសែតហ្ស៊ីនហួថា តម្លៃបោះពុម្ពក្រដាសប្រាក់នៅចិន មានតម្លៃទាបជាងគេ។ ចំណែកឯគុណភាពល្អដូចដែលបានបោះពុម្ពនៅប្រទេសផ្សេងទៀតដែរ ប៉ុន្តែតម្លៃឈ្នូលវិញទាបជាងពាក់កណ្តាលដែលយើងធ្លាប់ចំណាយកាលពីមុន។
លោកបន្តថា ការបោះពុម្ពក្រដាសប្រាក់នៅចិន ជួយសន្សំលុយធនាគារកណ្តាលនេប៉ាល់ បានទៅ៥.១៧លានដុល្លារ។

នៅថ្ងៃនេះ ក្រដាសប្រាក់សម្រាប់ប្រទេសថៃ បង់ក្លាដែស ស្រីលង្កា ម៉ាឡេស៊ី ឥណ្ឌា ប្រេស៊ីល និងប៉ូឡូញ ត្រូវបានចិនបោះពុម្ពសម្រាប់អតិថិជនបរទេសផងដែរ។

លោកហ៊ូ ហ្ស៊ីងឌូ សាស្រ្តាចារ្យសេដ្ឋកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាក្រុងប៉េកាំង បាននិយាយថា ប្រទេសមួយត្រូវតែមានជំនឿទុកចិត្តខ្លាំងលើប្រទេសមួយទៀត ដើម្បីអនុញ្ញាតឲ្យពួកគេបោះពុម្ពក្រដាសប្រាក់របស់ខ្លួន។

លោកបាននិយាយថា រូបរាងសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្រោមការផ្លាស់ប្តូរច្រើន។ ស្របពេលដែលចិនកាន់តែក្លាយជាប្រទេសមហាអំណាចខ្លាំង និងធំជាងមុន ពួកគេនឹងប្រឈមជាមួយប្រព័ន្ធតម្លៃបង្កើតឡើងដោយលោកខាងលិច។ ការបោះពុម្ពក្រដាសប្រាក់សម្រាប់ប្រទេសផ្សេងទៀត គឺជាជំហានដ៏សំខាន់មួយ។

លោកបន្តទៀតថា រូបិយប័ណ្ណ គឺជានិមិត្តរួបនៃអធិបតេយ្យភាពទឹកដីរបស់ប្រទេសមួយ។ មុខជំនួញមួយនេះ នឹងជួយបង្កើតទំនុកចិត្ត ហើយសូម្បីតែសម្ព័ន្ធភាពរូបិយប័ណ្ណ។

សូមបញ្ជាក់ថា ទីផ្សារបោះពុម្ពក្រដាសប្រាក់អន្តរជាតិ ត្រូវបានគ្របដណ្តប់ដោយបណ្តាប្រទេសលោកខាងលិច មកលើ១០០ប្រទេស ប៉ុន្តែចិនបច្ចុប្បន្នកំពុងតាមពីក្រោយពួកគេយ៉ាងប្រកៀកប្រកិតបំផុត។

វាជាផ្នែកមួយផងដែរ នៃផែនការមហិច្ឆិតារបស់ក្រុងប៉េកាំងដើម្បីក្លាយជាប្រទេសមហាអំណាចសកលដ៏សំខាន់មួយ ហើយនិងឈរនៅកណ្តាលទំនាក់ទំនងសេដ្ឋកិច្ចសកល និងពាណិជ្ជកម្មអន្តរជាតិ។
គួរឲ្យដឹងថា ផែនការ“បណ្តើមគំនិតក្រវ៉ាត់១ និងផ្លូវ១” គឺជាគម្រោងតម្លៃរាប់ពាន់ពាន់លានដុល្លារ ដើម្បីតភ្ជាប់បណ្តាប្រទេសនៅទូទាំងទ្វីបលើផ្នែកពាណិជ្ជកម្ម ដោយចិនឈរនៅកណ្តាល។

ផែនការមហិច្ឆិតាមួយនេះ ពាក់ព័ន្ធនឹងការធ្វើផ្លូវលើសមុទ្រប្រវែង៦.០០០គ.ម តភ្ជាប់ទៅកាន់អាស៊ីខាងកើត អូសេអានី និងអាហ្រ្វិកខាងជើង(ដែលគេឲ្យឈ្មោះថាផ្លូវ១) ក៏ដូចជាការកសាងផ្លូវដែក និងហេដ្ឋរចនាសម្ព័ន្ធផ្លូវតភ្ជាប់ពីចិនទៅកាន់អាស៊ីកណ្តាល និងអាស៊ីខាងលិច តំបន់មជ្ឈិមបូព៌ា និងអឺរ៉ុប(ដែលគេឲ្យឈ្មោះថា ក្រវ៉ាត់១)៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post