header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្នុងរយៈពេលជាង១សប្ដាហ៍ក្រោយនេះ ព្រះមហាក្សត្រ បានព្រះរាជទានលើកលែងទោសដល់អ្នកនយោបាយ អ្នកវិភាគបញ្ហានយោបាយ តំណាងរាស្ត្រ ក៏ដូចជាមន្ត្រីជាន់ខ្ពស់ និងសកម្មជនអតីតបក្សប្រឆាំង CNRP, ស្ត្រីសកម្មជនដីធ្លីបឹងកក់ និងអតីតអ្នកយកព័ត៌មាន សរុបជាង២០នាក់ តាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន។ ការសម្រេចដោះលែងអ្នកទាំងនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងដើម្បីសម្រាលស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា។

ចុងក្រោយនេះ នៅវេលាម៉ោងប្រមាណជាង១អធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់ និងសកម្មជនចំនួន១៣នាក់ផ្សេងទៀត របស់អតីតបក្សប្រឆាំងសង្គ្រោះជាតិ (CNRP) ត្រូវបានដោះលែងឲ្យសេរីភាពឡើងវិញ។ ការដោះលែងអ្នកទាំង១៤ ត្រូវបានស្វាគមន៍ពីគ្រប់មជ្ឈដ្ឋាន ហើយមានអ្នករង់ចាំទទួលដោយភាពត្រេកត្រអាលជាច្រើន។

សូមជម្រាបថា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់លើកលែងទោសដល់ទណ្ឌិតទាំង១៤នាក់ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ តាមសំណើរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ នៅថ្ងៃដដែលនេះ តុលាការក្រុងភ្នំពេញ ក៏ចេញដីកាសម្រេចដោះលែងអ្នកទាំង១៤ ប៉ុន្តែមិនអាចដោះលែងភ្លាមៗបាន រង់ចាំពេលយប់បន្តិច ដោយអះអាងថា ដើម្បីការពារសុវត្ថិភាពរបស់ពួកគេ ព្រោះតែមានមនុស្សជាច្រើន រង់ចាំទទួលនៅមុខពន្ធនាគារព្រៃស តាំងពីថ្ងៃរសៀល បន្ទាប់ពីទទួលដំណឹងពីការដោះលែងនេះ។

ជាការកក់សម្គាល់ លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិ ទាំង១៣រូបនេះ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីពួកគេបានសរសេរលិខិតស្នើសុំលើកលែងទោសទៅប្រមុខរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨កន្លងទៅ។ ជាងនេះទៀត ការសុំលើកលែងទោសនេះ ក្រោយមានការលើកលែងទោសអ្នកនយោបាយ អ្នកវិភាគបញ្ហានយោបាយ សកម្មជនដីធ្លី និងអ្នកសារព័ត៌មានជាបន្តបន្ទាប់ ដែលត្រូវបានអ្នកវិភាគមួយចំនួនយល់ថា ការដោះលែងអ្នកទោសនយោបាយទាំងអស់នេះ គឺដើម្បីសម្រាលស្ថានការណ៍នយោបាយនៅក្នុងប្រទេស ក្រោយការបោះឆ្នោតជាតិ អាណត្តិទី៦។

ទោះជាបែបណា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្តេច មានគម្រោងនឹងធ្វើការដោះលែងអ្នកទោសមានលក្ខណៈទ្រង់ទ្រាយធំ។ សម្ដេចបញ្ជាក់ថា ប្រសិនបើមានការសណ្ដោះប្រណីពីសម្ដេច ចំពោះអ្នកជាប់ពន្ធនាគារ កុំនិយាយថា នេះបណ្ដាលមកពីការគាបសង្កត់ពីបរទេសឲ្យសោះ ដូច្នេះត្រូវប្រយ័ត្នប្រយែងចំពោះពាក្យសម្ដី។

សម្ដេចបញ្ជាក់បន្ថែមថា ចង់ធ្វើការលើកលែងទោសជាទ្រង់ទ្រាយធំនាពេលខាងមុខនេះ មិនមែនគ្រាន់តែមនុស្សប៉ុន្មាននេះទេ ក៏ប៉ុន្ដែមានគោលដៅថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ, បុណ្យអុំទូក, បុណ្យឯករាជ្យ និងបុណ្យផ្សេងៗទៀត។ ដូច្នេះ បញ្ហាទាំងនេះ នាយករដ្ឋមន្ដ្រី នឹងស្នើទៅក្រសួងយុត្តិធម៌ ដើម្បីនឹងអាចធ្វើការលើកលែងទោសជាទ្រង់ទ្រាយធំ ដើម្បីឲ្យប្រជាពលរដ្ឋអ្នកជាប់ពន្ធនាគារ មានឱកាសចេញមកធ្វើការកែប្រែខ្លួនសាជាថ្មី។

គួរបញ្ជាក់ថា ក្នុងរយៈពេលតែមួយសប្តាហ៍ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យលើកលែងដល់អ្នកទោសមួយចំនួន តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន ដូចជា លោក គឹម សុខ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ, លោកស្រី ទេព វន្នី សកម្មជនដីធ្លីបឹងកក់ និងសហការីចំនួន៣នាក់, លោក អ៊ុ សំអាន សមាជិករដ្ឋសភាអតីតគណបក្សសង្គ្រោះជាតិ, អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ចំនួន២នាក់, លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ និងជាចុងក្រោយនេះ គឺលោក មាជ សុវណ្ណារ៉ា និងសកម្មជនទាំង១៣នាក់ខាងលើ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post