header ads

Sponsor

ពិសី

ភ្នំពេញៈ ក្រុមជនសង្ស័យម្នាក់ ប្រើប្រាស់គ្រឿងញៀន និង៣នាក់ផ្សេងទៀត ដែលជំ​នាញខាងឆក់កាបូប ទូរស័ព្ទដៃ ពោលគឺឆក់ទ្រព្យសម្បត្តិផ្សេងៗ ពីជនបរទេស និងប្រជាពលរដ្ឋខ្មែរ តាមដងផ្លូវយ៉ាងសកម្ម បានសម្រេច ចំនួន៨លើកមកហើយ ទាំងនៅខេត្តកណ្ដាល និងនៅរាជធានីភ្នំពេញនោះ ត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ក្រោមការដឹកនាំពីលោកវរសេនីយ៍ឯក ប៊ុន សត្យា បានតាមស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានហើយ និងរៀបចំធ្វើសន្និសីតសារព័ត៌មានមួយ ដើម្បីបង្ហាញមុខជាសាធារណៈ មុនបញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨នេះ ស្ថិតក្រោមការបញ្ជាដោយផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯកនាយការិយាល័យ ប៊ុន សត្យា បានបញ្ជាក់នៅក្នុងរបាយការណ៍ថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះបរទេសឈ្មោះ CHALOU CLARA ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិបារាំង មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ 18DC69580 ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្នាក់នៅបន្ទប់លេខ៦ ផ្ទះសំណាក់ឡេស៊ីកេកូ ផ្លូវលេខ២៥៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងជនរងគ្រោះម្នាក់ទៀតឈ្មោះ សៅ ស៊ីណា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលជាតិ ស្នាក់នៅផ្ទះលេខ៤៨៩ ផ្លូវលេខ២៧១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ស្ដីពីករណីមានក្រុមចោរធ្វើសកម្មភាពឆក់កាបូបស្ពាយរួចមក កម្លាំងការិយាល័យជំនាញ បានបើកការស៊ើបអង្កេតភ្លាមៗ រយៈពេលពេញមួយសប្ដាហ៍ឯណោះ ទើបឈានដល់ការបង្ក្រាបឃាត់ខ្លួនក្រុមជនសង្ស័យបាន ក្រោយពីធ្វើសកម្មភាពឆក់យ៉ាងសកម្មនាពេលកន្លងមកចំនួន៨លើកមកហើយ នៅឯក្រុងតាខ្មៅ ខេត្តកណ្ដាល និងនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ, សង្កាត់ផ្សារដើថ្កូវ ខណ្ឌចំការមន, សង្កាត់ផ្សារដេប៉ូ១ សង្កាត់ទឹកល្អក២ និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក, សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ក្នុងរាជធានីភ្នំពេញ។ តែរឿងដែលគួរឲ្យកត់សម្គាល់នោះ ជនរងគ្រោះ សៅ ស៊ីណា ជានគរបាលជាតិ បានបាត់បង់អាវុធខ្លី១ដើមម៉ាក19-GLock ពណ៌ខ្មៅ លេខBDZV119 ផលិតនៅប្រទេសអូស្ត្រាលី, ទូរស័ព្ទដៃម៉ាកណូគៀចំនួន២គ្រឿង (គ្មានលេខ) និងម៉ាក IPhon5s ពណ៌ស ១គ្រឿងទៀត, ប័ណ្ណសម្គាល់ខ្លួនមន្ត្រីនគរបាល, ប័ណ្ណបើកបរ, ប័ណ្ណសម្គាល់យានយន្ដ, អត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ១សន្លឹក, លុយចំនួន៣០០ដុល្លារ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បានបញ្ជាក់នៅក្នុងរបាយការណ៍ទៀតថា ក្នុងប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបឃាត់ខ្លួនក្រុមជនសង្ស័យជាចោរឆក់យ៉ាងសកម្មទាំង៤នាក់ កម្លាំងជុំនាញបានរកឃើញដកហូតវត្ថុតាងជាមធ្យោបាយក្នុងសកម្មភាពមួយចំនួនមានម៉ូតូ៣គ្រឿងម៉ាក SUZUKI NEX ពណ៌ស ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1DC-5821, ម៉ូតូម៉ាក SUZUKI NEX ពណ៌សខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1FY-8203, ទូរស័ព្ទដៃម៉ាកណូគៀ២៣០ ពណ៌ខ្មៅ១គ្រឿង, ទូរស័ព្ទដៃម៉ាកសាំសុង ពណ៌ស២គ្រឿង និងខ្សែដៃលោហធាតុ ពណ៌លឿងស (ក្លែងក្លាយ) មួយខ្សែ និងម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨មួយគ្រឿង ពាក់ស្លាកលេខ ត្បូងឃ្មុំ 1E-9118, ដាវ២ដើមផងដែរ។ ដោយឡែក វត្ថុតាងជារបស់ជនរងគ្រោះជនជាតិបារាំង ដែលត្រូវបាត់បង់មានកាបូបស្ពាយ ពណ៌ខ្មៅចំនួន១ និងលិខិតឆ្លងដែនចំនួន១ រួមជាមួយវត្ថុតាងជារបស់ជនរងគ្រោះឈ្មោះ សៅ ស៊ីណា រួមមាន៖ ទូរស័ព្ទដៃម៉ាក IPhone5s ពណ៌ស ១គ្រឿង កាបូបស្ពាយម៉ាក LV ពណ៌សុកកូឡាចំនួន១ និងសោរបងផ្ទះប្រើតេឡេចំនួន១ កាបូបយួដៃមនុស្សស្រីចំរុះពណ៌ ចំនួន៤៨ កាបូបូបស្ពាយចំនួន១២ កាបូបដៃចំនួន១២ សោឡានចំនួន៥ សោម៉ូតូចំនួន២។

លោកវរសេនីយ៍ឯកនាយការិយាល័យដដែលនេះ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនពាក់ព័ន្ធបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិ) និងប្រើប្រាស់គ្រឿងញៀន នៅក្នុងប្រតិបត្តិការតាមស៊ើបអង្កេតនេះ ទី១៖ឈ្មោះ ហូ ផាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ, ទី២៖ឈ្មោះ ទន់ អង្គាបុត្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥ ផ្លូវ២១០ ភូមិ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ, ទី៣៖ឈ្មោះ កែវ សុខ វិសាល ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧ ផ្លូវលេខ១៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី៤៖ឈ្មោះ ហេង ដារ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រកដ ស្នាក់នៅផ្ទះលេខ៥៣៩ ផ្លូវលេខ១២៨ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ដកហូតបានម្សៅក្រាមពណ៌សថ្លា ១កញ្ចប់តូច និងឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីបង្ហាញមុខក្រុមជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាងពាក់ព័ន្ធប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ធ្វើការបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនិតិវិធីផងដែរនៅព្រឹកនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post