ភ្នំពេញៈ ជនសង្ស័យពីរនាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទបានហើយ ព្យាយាមជិះរត់ តែត្រូវម្ចាស់ដេញតាមទាន់ ហើយចាប់បានម្នាក់ ស្វាគមន៍ម្នាក់មួយដៃមួយជើង ឡើងទ្រោមខ្លួន រួចប្រគល់ឲ្យ សមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក កាលវេលាម៉ោង៨៖២០នាទីយប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៨ ស្ថិតតាមបណ្ដោយ ផ្លូវកប់ស្រូវ ចំណុចជិតស្ពានទឹកស្អុយ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
ជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដោយសន្លប់ធំ មិនអាចសួរនាំបាន ចំណែកជនរងគ្រោះឈ្មោះ កែវ វិចិត្រ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរចិញ្ចឹមត្រី ស្នាក់នៅភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់មានគ្នាបួននាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AZ-9656 ជិះពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស្គុបពី ពណ៌ស មិនចាំស្លាកលេខ មកពីក្រោយ ធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីរគ្រឿង ម៉ាកអាយហ្វូនហ្វាយ និងមួយគ្រឿងទៀត ម៉ាកអូប៉ូ បានសម្រេចព្យាយាមជិះរត់ ត្រឡប់ក្រោយ តែត្រូវពួកខ្លួនដេញ ពីក្រោយ ហើយស្រែកចោរៗ ដេញរហូតដល់សង្កាត់ស្វាយប៉ាក ដោយផ្លូវស្ទះផងនោះ ជនសង្ស័យ ដែលជិះខាងក្រោយ បានលោតចេញពីម៉ូតូ រត់ត្រូវអ្នកភូមិព័ទ្ធចាប់បានម្នាក់ស្វាគមន៍ ឡើងចាស់ដៃ រួចប្រគល់អោយសមត្ថកិច្ច ចំណែកម្នាក់ទៀត ជិះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុជនសង្ស័យ និងជនរងគ្រោះ ត្រូវសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍ស្វាយប៉ាក ដើម្បីសួរនាំ ដោយសារកន្លែងឆក់នៅទឹកដីខណ្ឌព្រែកព្នៅ ទើបប្រគល់ឲ្យសមត្ថកិច្ចខណ្ឌព្រែកព្នៅចាត់ការបន្ត។
បច្ចុប្បន្នជនសង្ស័យ ត្រូវឃុំខ្លួននៅអធិការដ្ឋានខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕