header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ការសោកស្តាយ និងការព្រួយបារម្ភរបស់ប្រទេសជប៉ុន ចំពោះការបោះឆ្នោត នៅកម្ពុជា គឺដោយសារតែប្រទេសជប៉ុនមិនពេញចិត្តក្រុមប្រឆាំង ដែលបានធ្វើគ្រប់សកម្មភាព ដើម្បីរារាំងដល់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាម លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ដែលបានលើកឡើងក្នុងសារអេឡិចត្រូនិច។

ការលើកឡើងរបស់​លោក សុខ ឥសាន ក្រោយពីក្រសួងការបរទេសប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តជិតស្និតរបស់កម្ពុជា បានជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើការចរចាជាមួយនឹងអតីតគណបក្សសង្គ្រោះជាតិ និងបង្ហាញការព្រួយបារម្ភចំពោះការបោះឆ្នោតកាលពីថ្ងៃទី២៩  ខែកក្កដា ដែលគណបក្សប្រជាជនបានទទួលជ័យជម្នះ «ភ្លូកទឹកភ្លូកដី» ក្នុងការបោះឆ្នោត ខណៈគ្មានអតីតគណបក្សប្រឆាំង ដែលជាគូប្រជែងធំរបស់ខ្លួនចូលរួម។

លោក សុខ ឥសាន បានលើកឡើងថា ប្រទេសជប៉ុនជានិច្ចជាកាលតែងតែគិតពីឯករាជ្យ និងអធិបតេយ្យភាពកម្ពុជា និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា តាមរយៈការផ្តល់ ជំនួយកសាង និងអភិវឌ្ឍន៍កម្ពុជា ព្រមទាំងផ្តល់ជំនួយឲ្យ គ.ជ.ប ដើម្បី​ដំណើរការបោះឆ្នោត ប្រកបដោយជោគជ័យ ដែលពេលនេះ ការបោះឆ្នោតបានសម្រេចជោគជ័យតាមសំណូមពរហើយ គឺប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា ឬបាតុភាពអសកម្មណាមួយ កើតឡើងឡើយ ។

លោកបានបញ្ជាក់ដូច្នេះថា ការដែលជប៉ុនសម្តែងការសោកស្តាយចំពោះការបោះឆ្នោត ដែលមានសន្លឹកឆ្នោតខូចច្រើន គឺចង់បញ្ជាក់ថា គាត់មិនពេញចិត្តនឹងអំពើវិទ្ធង្សនារបស់ពួកអតីតបក្សប្រឆាំង ដែលបាននិងខិតខំធ្វើគ្រប់រូបភាព ដើម្បីបំផ្លាញការបោះឆ្នោត ដោយឃោសនាឲ្យអតីតអ្នកគាំទ្រចូលរួមបំផ្លាញផង។ ដូច្នេះមានសន្លឹកឆ្នោតខូចច្រើននោះ គឺកើតចេញពីឧបាយកលរបស់ពួកប្រឆាំង ជប៉ុនចង់ស្តីឲ្យអតីតបក្សប្រឆាំងទេ មិនមែនចង់និយាយថា ការខូចសន្លឹកឆ្នោតច្រើនមកពីការផ្តល់ជំនួយរបស់គាត់មកឲ្យគ.ជ.បទេ

យោងតាមសារព័ត៌មានជប៉ុន NHK បានឲ្យដឹងថា ការលើកឡើងរបស់រដ្ឋមន្ត្រីប្រទេសជប៉ុនលោក តារ៉ូ កូណូ បានឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រី ការបរទេសកម្ពុជាលោក ប្រាក់ សុខុន នៅក្នុងកិច្ចប្រជុំមួយនៅប្រទេសសិង្ហបុរីកាល ពីថ្ងៃសៅរ៍។

នៅក្នុងជំនួបពិភាក្សានោះ រដ្ឋមន្ត្រីការបរទេសជប៉ុន​បានប្រាប់លោករដ្ឋមន្ត្រី ប្រាក់ សុខុន ថា រាជរដ្ឋាភិបាលប្រទេសជប៉ុនមានការខកចិត្តចំពោះលទ្ធិផលនៃការបោះឆ្នោតហើយ បាន សង្កត់ធ្ងន់ថា ការបោះឆ្នោតនេះ គឺមិនបានការ ឬក៏គ្មានសុពលភាពដោយសារប្រទេសជប៉ុនបានផ្តល់ជំនួយដល់ការបោះឆ្នោត ហើយសង្ឃឹមថា ការបោះឆ្នោតនោះ និងឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋ។

ក្នុងជំនួបនោះផងដែរ លោករដ្ឋមន្ត្រីការបរទេសជប៉ុន ក៏បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា បើកលំហប្រជាធិបតេយ្យឡើងវិញ និងធ្វើការចរចាជាអតីតគណបក្សសង្គ្រោះជាតិ ដើម្បីផ្សះផ្សាជាតិ។ ប៉ុន្តែលោករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានចឆ្លើយតបវិញថា កម្ពុជាបានរៀបចំការបោះឆ្នោតស្របតាមគោលការណ៍លិទ្ធិប្រជាធិបតេយ្យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post