header ads

Sponsor

រិទ្ធី

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការស្តីពីការពន្យាពេលឃុំខ្លួនលោក កឹម សុខា នៅថ្ងៃទី៣០ ស្អែកនេះ តើនឹងមានការដោះលែង លោក កឹម សុខា ដែរឬទេ? គ្មានការដោះលែងលោក កឹម សុខា ឡើយ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន ជាងនេះទៅទៀត សម្តេចតេជោ បានបញ្ជាឱ្យសមត្ថកិច្ចត្រៀមចាប់ខ្លួនមេខ្លោងដែលអំពាវនាវឱ្យទៅទទួលលោក កឹម សុខា។

លោក គឹម សុខ អ្នកវិភាគនយោបាយ បាននិយាថា៖ លទ្ធភាពនៃការដោះលែងគាត់ (លោក កឹម សុខា)មានសង្ឃឹមតិចណាស់ផ្អែកលើមូលដ្ឋានគិត៣យ៉ាង ១- បើចង់ឱ្យគេដោះលែងឆាប់ លុះត្រាតែលោក កឹម សុខា ព្រមបែកគ្នាពីលោក សម រង្ស៊ី ដែលនេះជាផ្លូវនយោបាយនាំគ្រោះកាន់តែធំដល់ជាតិ ជាវិធីដែលមេដឹកនាំនយោបាយជាតិប្រជាធិបតេយ្យដូចលោក កឹម សុខា មិនជ្រើសយកនោះទេ។ ២- បើលែង គឺដូចជាគេសារភាពកំហុសខ្លួនឯងថា អំពើក្បត់ជាតិដាក់បន្ទុកលោក កឹម សុខា ច្បាស់ណាស់ជាការបំពាន និងជាហេតុផលនយោបាយដូចសកលលោកទាំងមូល ទាំងពលរដ្ឋខ្មែរផង និយាយរាល់ថ្ងៃថាជារឿងនយោបាយ ខ្លាចបោះឆ្នោតចាញ់លោក កឹម សុខា និងគណបក្ស      សង្គ្រោះជាតិកាលពីខែកក្កដា ឆ្នាំ២០១៨។

នេះមិនត្រឹមតែជាការពង្រឹងស្មារតីសកម្មជននិងអ្នកគាំទ្រសង្គ្រោះជាតិប៉ុណ្ណោះទេ តែថែមទាំងប៉ះពាល់ចិត្តសាស្ត្រនយោបាយអ្នកបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជាសម្បើមណាស់ (នាំឲ្យផុសនិទានតុកាហ្វេ៖ ចោទក្បត់ជាតិ តែលែងងាយៗ)។ និងទី៣ គោលដៅរបស់គេ គឺអំណាច មិនមែនការបង្រួបបង្រួមជាតិពិតប្រាកដទេ។

លោក កឹម សុខា ដែលនៅតែបង្ហាញការតាំងចិត្តនយោបាយជាតិមិនបាក់ស្រុត និងរឹតតែមានការគាំទ្រទាំងក្នុងចំណោមពលរដ្ឋខ្មែរម្ចាស់ឆ្នោត និងសហគមន៍អន្តរជាតិនោះ កំពុងត្រូវគេពិចារណាថា តើវត្តមាននៅក្រៅឃុំរបស់គាត់មានឥទ្ធិពលប៉ះដែនអំណាចគេប៉ុនណា? កម្រិតប្រជាប្រិយ៍នយោបាយលោក កឹម សុខា ខ្ពស់ផុតពីអ្នកនយោបាយផ្សេងទៀតដែលទើបមានសេរីភាព។

ទោះជាយ៉ាងណា លោក គឹម សុខា មានការរំពឹងនៃការដោះលែងលោក កឹម សុខា នោះគឺសំអាងលើហេតុផលឃើញជាក់ស្តែង២៖ ១ គេត្រូវបន្ទន់ឥរិយាបថបន្ថែមទៀត កុំឲ្យមុខរដ្ឋាភិបាលថ្មីដែលប្រុងនឹងកើតពីឆ្មបបោះឆ្នោតខុសផ្លូវប្រជាធិបតេយ្យនោះ មានពណ៌ខ្មៅពេក ដើម្បីស្ទាបៗរកការបន្ថយប្រតិកម្មអន្តរជាតិ ជាឥរិយាបទសង្កត់មិនដកថយ នៃអ.ស.ប. សហភាពអឺរ៉ុប និងបណ្តាប្រទេសមហាអំណាចប្រជាធិបតេយ្យធំៗ មុនគេចេញដំណើរទៅថ្លែងយកមុខនៅមហាសន្និបាតអ.ស.ប.នៅខែក្រោយ។ ២- ថ្មីៗនេះមានចរន្តដោះលែងជាទ្រង់ទ្រាយធំ ជាពិសេសសកម្មជននយោបាយប្រឆាំង ដូចនេះបើមិនលែងលោក កឹម សុខា ដូចជាអាក្រក់មើលពេក។

អ្នកវិភាគរូបនេះពន្យល់ថា៖ បើលែងលោក កឹម សុខា ក៏អាចត្រូវគេគូសតាមផ្លូវ២៖ ១- ដូចរូបភាពចាប់ (គឺគេចាប់គាត់ស្ងាត់ៗដោយនាំខ្លួនពីផ្ទះទៅញាត់គុកត្រពាំងថ្លុង នោះបើលែងក៏គេនឹងយកគាត់ពីត្រពាំងថ្លុងមកដាក់ផ្ទះស្ងាត់ៗ វិញដែរ) ជាវិធីប្តូររបៀបឃុំខ្លួនពីគុកមានចំរ៉ឹងដែក មកគុកឥតជញ្ជាំង(ឃុំក្នុងផ្ទះ House Arrest) ក្នុងហេតុផលផ្តល់ឱកាសឲ្យគាត់ព្យាបាលជំងឺ។ បែបនេះ តាមភាសានយោបាយ គឺជាការឃុំខ្លួនដដែលទេ ព្រោះអ្នកនយោបាយ បើគ្រាន់តែមានសេរីភាពហូបឆ្ងាញ់និងព្យាបាលថែទាំសុខភាព តែបាត់ឱកាសធ្វើនយោបាយពេញសមត្ថភាព នោះមានន័យស្មើជាប់គុក។
២- គេអាចសាកល្បងលែងប្រធានអតីតគណបក្សសង្រ្គោះជាតិ ឱ្យមានសេរីភាពសិន ដើម្បីស្ទង់មើលតាមដំណាក់ៗនៃការវិវត្ត។ បើលែងហើយ គាត់មិនធ្វើសកម្មភាពនយោបាយខ្លាំងទេ គេអាចដោះលែងគាត់រហូត ប៉ុន្តែបើគាត់បានឱកាសនៅក្រៅឃុំហើយ ហើយនៅតែបន្តការងារដឹកនាំនយោបាយកាន់តែផុសផុលឡើង នោះគាត់គេចមិនផុតពីការចាប់ដាក់គុកវិញទេ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post