
ភ្នំពេញៈ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ Iphone ពីនារីម្នាក់ ខណៈកំពុងជិះម៉ូតូតាមផ្លូវ តែមិនបានសម្រេច ត្រូវនារីរងគ្រោះស្រែក រួចជិះគេចខ្លួនរហូតដល់ម្ដុំសាលាកូលាប ត្រូវបានប្រជាពលរដ្ឋសហការជាមួយសមត្ថកិច្ចដេញតាមឃាត់បាន រួចវាយខ្នោះនាំខ្លួនមកសាកសួរនៅអធិការដ្ឋាននរបាលខណ្ឌដូនពេញភ្លាមៗតែម្ដង។

ករណីឆក់ទូរស័ព្ទនេះ បានកើតឡើងកាលបីវេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចម្ដុំកន្លែងលក់ស៊ុប ជិតផ្សាររាត្រី ហើយត្រូវឃាត់បាននៅជាប់របងសាលាកូលាប គល់ស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


ជនសង្ស័យឈ្មោះ រិទ្ធី អាយុ១៨ឆ្នាំ ស្នាក់នៅម្ដុំគៀនស្វាយ ខេត្តកណ្តាល ជិះម៉ូតូ Smash ស៊េរីចាស់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ Iphone 6Plus ពីនារីរងគ្រោះមិនស្គាល់ឈ្មោះជិះម៉ូតូ Icon ពណ៌បៃតងលាយស (មិនចាំស្លាកលេខ) មានទីលំនៅក្នុងរាជធានីភ្នំពេញ។

យុវតីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ រូបនាងកំពុងជិះម៉ូតូមួយគ្រឿង ម៉ាក Icon ពណ៌បៃតងលាយសតែម្នាក់ឯង ធ្វើដំណើរចេញពីផ្សារកណ្ដាល ទិសដៅពីត្បូងទៅជើង ខណៈដែលកំពុងដោតកាស និយាយទូរស័ព្ទជាមួយម៉ាក់របស់នាង ហើយមិនបានដឹងថា មានជនសង្ស័យជិះតាមគាត់មកពីពេលណាទេ លុះមកដល់ចំណុចកើតហេតុ ម្ដុំកន្លែងលក់ស៊ុប ជិតផ្សាររាត្រី ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូ Smash មួយគ្រឿង បានមកអែបក្បែរនាងរួចធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់នាង តែមិនបានសម្រេចទេ ព្រោះនាងក្រឡេកឃើញទាន់ ទើបគេចផុត ហើយស្រែកចោរៗ ឆោឡោ ធ្វើឲ្យជនសង្ស័យបានព្យាយាមជិះរត់គេចខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងអាវុធហត្ថ ដែលស្លៀកពាក់ស៊ីវិល នាំគ្នាជួយដេញតាម រហូតដល់ម្ដុំសាលាកូលាប ស្ទាក់ចាប់បាន រួចវាយខ្នោះយកមកសាកសួរនៅអធិការដ្ឋាននរបាលខណ្ឌដូនពេញភ្លាមៗតែម្ដង។

ក្រោយកើតហេតុយុវតីរងគ្រោះ សមត្ថកិច្ចបាននាំទៅធ្វើការបំភ្លឺនៅអធិការដ្ឋានខណ្ឌដូនពេញ ហើយនាងបានសម្ដែងការអរគុណតាមរយៈបណ្ដាញសារព័ត៌មាន CAM POST ថា នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះកងកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ មានទាំងកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ ដែលបានសហការគ្នា ជាមួយនិងបងៗប្រជាពលរដ្ឋ ជួយដេញតាមជនសង្ស័យ រហូតស្ទាក់ចាប់បាន ដែលនេះធ្វើឲ្យរូបនាងមានអារម្មណ៍កក់ក្ដៅបន្តិច ខណៈដែលមានសមត្ថកិច្ចខិតខំចេញអន្តរាគមន៍ទាន់ពេលវេលា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលដ្ឋក្នុងមូលដ្ឋាន និងអ្នកដំណើរដទៃទៀត ជាពិសេសដូចរូបនាងផ្ទាល់ បន្ទាប់ពីត្រូវចោរជិះមកឆក់ទូរស័ព្ទ តែមិនបានសម្រេចក៏ដោយ តែនាងពិតជាអរគុណយ៉ាងខ្លាំងដល់បងៗនិងពូៗ ដែលបានចាប់ចោរឆក់នេះយកមកចាត់ការតាមផ្លូវច្បាប់ភ្លាមៗបែបនេះ ដើម្បីកុំអោយប្រព្រឹត្តអំពើលួចឆក់អ្នកដទៃទៀត ដែលសង្គមកំពុងស្អប់ខ្ពើមនេះតទៅទៀត។
ចំណែកជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពមែន តែមិនបានសម្រេចទេ ហើយជិះរត់ត្រូវសមត្ថកិច្ចស្ទាក់ឃាត់ខ្លួនបានតែម្ដង។


ក្រោយជនសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ នាំឡើងរថយន្តសារ៉េនរបស់អធិការរងនគរបាលខណ្ឌដូនពេញ យកទៅធ្វើការសួរនាំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕