header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ដោយសារមានភ្លៀងធ្លាក់ ញាំញីនៅតំបន់ផ្នែកខាងលើ នៃប្រទេសកម្ពុជា បានធ្វើឲ្យតំបន់មួយចំនួន រងនូវផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់នេះ ។ សម្រាប់រាជធានីភ្នំពេញ ក៏មានតំបន់មួយចំនួន ដែលស្ថិតនៅតាមសន្តរស្ទឹង និងតាមដងទន្លេមេគង្គ បានរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ភ្នំ និងជំនន់ទន្លេមេគង្គកើតឡើង ។

ប៉ុន្តែយ៉ាងណាក៏ដោយ គេឃើញអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំដោយផ្ទាល់ ពីអាជ្ញាធររាជធានីភ្នំពេញ បានសហការជាមួយស្ថាប័នពាក់ព័ន្ធ ត្រៀមបង្ការ និងចុះជួយអន្តរាគមន៍ បន្ទាន់ភ្លាមៗ មិនមានប្រជាពលរដ្ឋណាម្នាក់ រងគ្រោះធ្ងន់ធ្ងរ ឬ បាត់បង់អាយុជីវិតនោះឡើយ ។

នេះបើតាមលោក ម៉េត មាសភក្តី អ្នកនាំពាក្សសាលារាជធានីភ្នំពេញ បានប្រាប់តាមទូរស័ព្ទ នៅថ្ងៃនេះថា “បើទោះជាមិនទាន់មានការប្រកាសអាសន្នណាមួយ ពីស្ថាប័នជំនាញ អំពីបញ្ហា ជំនន់ទឹកភ្លៀង ឬ ជំន់ទន្លេមេគង្គនៅឡើយក្តី ក៏ប៉ុន្តែកាលពីពេលកន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ មួយផ្នែកតូច បានរងផលប៉ះពាល់ ដោយសារទឹកជំនន់ ក្នុងរដូវវស្សានេះ ហើយដែរ” ។ ក្នុងនោះមានប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌ ពោធិ៍សែនជ័យ ខណ្ឌ ដង្កោ បានរងនូវផលប៉ះពាល់ដោយជំនន់ធ្លាក់ពីភ្នំបង្ករ ឲ្យលិចលង់លំនៅឋាន និងកសិផលមួយចំនួន ហើយក៏មាន ខណ្ឌជ្រោយចង្វារ និង ខណ្ឌមានជ័យ បានរងផលប៉ះពាល់តិចតួច ដោយជំនន់ទន្លេមេគង្គ បង្ករឲ្យបាក់ច្រាំ ប៉ះពាល់ដល់ហេដ្ឋរចនាសម្ព័ន្ធមួយចំនួនផងដែរ។

លោក ម៉េត មាសភក្តី បានអះអាងថា រាល់ផលប៉ះពាល់ខាងលើ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញ ណែនាំ និងដឹកនាំដោយផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអនុវត្ត នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល បានចុះអន្តរាគមន៍ និងដោះស្រាយបញ្ហាបន្ទាន់ ជូនប្រជាពលរដ្ឋទាំងនោះ ដោយមិនទុកឲ្យនណាម្នាក់ មានភាពអត់ឃ្លាន ឬ រងគ្រោះដល់អាយុជីវិតនោះទេ ។

ក្រៅអំពីវិធានការសង្គ្រោះ និងការដោះស្រាយបន្ទាន់ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានយកចិត្តទុកដាក់ ត្រៀមទុកជាមុន នូវស្បៀងអាហារបំរុងទុក ហើយនិងគិតគូរពីបញ្ហាសុខភាព ប្រជាពលរដ្ឋ ក្នុងពេលជួបគ្រោះទឹកជំនន់ និងក្រោយពេលមានទឹកជំនន់ ដោយបានត្រៀមថ្នាំសង្កូវ សម្រាប់ព្យាបាលជំងឺរាករូស និងថ្នាំបង្ការ ចំពោះសត្វល្អិតទិចឬខាំ ហើយក៏បានត្រៀមក្រុមគ្រូពេទ្យ នៅតាមទីបញ្ជាការស្រាល នៅក្នុងមូលដ្ឋានទាំងនោះ ដោយមានត្រៀមទាំងរថយន្ត សម្រាប់ដឹកជញ្ជូនបន្ទាន់ នៅពេលមានគ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយកើតឡើង ។

ដោយឡែក ចំពោះ ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ដោយជំនន់ទន្លេមេគង្គវិញ រដ្ឋបាលរាជធានីភ្នំពេញ បានចុះពិនិត្យ និងដោះស្រាយបន្ទាន់ ដោយណែនាំឲ្យមន្ទីរជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដោះស្រាយឲ្យបានទាន់ពេលវេលា និងពិនិត្យលទ្ធភាព ក្នុងការបង្ការ ឬ ទប់ស្កាត់ នៅក្រោយពេលជួបបញ្ហានេះ តាមរយៈយន្តការជាក់ស្តែងថែមទៀតផង ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post