កណ្តាលៈ បុរស២នាក់មិនត្រូវបានសមត្ថកិច្ចបណ្តោយឲ្យនៅមានសេរីភាពនោះទេ ដោយសារតែសង្ស័យពាក់ព័ន្ធការជួញដូរសារធាតុញៀនល្មើសច្បាប់ ។
ជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃ ព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែ សីហា ឆ្នាំ២០១៨ វេលាម៉ោង ១៣និង០០នាទី ស្ថិតនៅចំណុចភូមិលេខ១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកស្អាងបានឲ្យភ្នាក់ងារព័ត៌មាន CAM POST ដឹងនៅមុននេះបន្តិចថា ជនសង្ស័យឈ្មោះ ធួក ម៉េងសែ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិ ស្ទឹងជ្រៅ សង្កាត់ ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ជននេះ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន១លើកកន្លងមកហើយកាលពីឆ្នាំ២០១១ រយៈពេល៦ឆ្នាំ ពីបទ លួចមានស្ថានទម្ងន់ និងឈ្មោះ ស វុទ្ធី ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិ លេខ១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ជននេះ ក៏ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន ០១លើក កាលពីឆ្នាំ២០០២ រយៈពេល០៩ឆ្នាំ ពីបទ រក្សាទុកនូវសារធាតុញៀនខុសច្បាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួមជាមួយវត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន១៩កញ្ចប់ ក្នុងនោះ ធំ៣កញ្ចប់, មធ្យម ១កញ្ចប់ និងតូច១៥កញ្ចប់, ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១ CI.៣៩៨៨ និងជញ្ជីងថ្លឹងសារធាតុញៀនចំនួន១គ្រឿងផងដែរ ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ រួមជាមួយវត្ថុតាងត្រូវបានឃាត់ទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ។
នគរបាលមួយរូបដែលធ្នឹកនឹងរឿងនេះរៀបរាប់ថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលស្វាយរលំ បានចុះដល់ចំណុចកើតហេតុ ត្រួតពិនិត្យ ជនសង្ស័យ ឈ្មោះ ធួក ម៉េងសែ បានរកឃើញម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន៣កញ្ចប់ ក្នុងនោះ ធំ ២កញ្ចប់ និងតូច១កញ្ចប់ រួចបន្តត្រួតពិនិត្យ ឆែកឆេរ លំនៅដ្ឋានរបស់ឈ្មោះ ស វុទ្ធី បានរកឃើញម្សៅក្រាម ពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ១៦កញ្ចប់ ក្នុងនោះ ធំ ១កញ្ចប់, មធ្យម១កញ្ចប់ និងតូច ចំនួន ១៤កញ្ចប់ រួចឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរតែម្តង ។
ប្រភពបន្តថា នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ ធួក ម៉េងសែ បានសារភាពថា ខ្លួនទិញគ្រឿងញៀនខាងលើនេះពីឈ្មោះ តោ ភេទប្រុស អាយុ៣០ឆ្នាំ ផ្ទះនៅម្ដុំផ្សារដើមអម្ពិល ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ តម្លៃ៣២ម៉ឺន មកជួញដូរចំនួន៦លើកមកហើយៗបានលក់ឲ្យឈ្មោះ ស វុទ្ធី លក់ឲ្យគេមិនស្គាល់ឈ្មោះ ស្ថិតភូមិលេខ១ក ឃុំស្វាយរលំ ស្រុកស្អាង និងជញ្ជីងចំនួន១គ្រឿង ជារបស់ខ្លួនពិតប្រាដកមែន ។ ចំណែកឈ្មោះ ស វុទ្ធី បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់ធំ តម្លៃ ៣០០,០០០៛ (បីសែនប្រាំម៉ឺនរៀល)ពីឈ្មោះ ធួក ម៉េងសែ (ប៉ុន្តែជំពាក់លុយ) ដើម្បីយកមកវេចខ្ចប់លក់បន្ដ ក្នុង០១កញ្ចប់តូច តម្លៃ ៣ម៉ឺនរៀល ៕