ពោធិ៍សាត់ៈ បុរសមុខរបរជាបង្រៀនម្នាក់ រៀនចេះដឹងច្រើនល្អពេក តែប្រព្រឹត្តអំពើដែលសង្គមកំពុងតែស្អប់ខ្ពើម គឺអំពើហិង្សាវាយទៅលើប្រពន្ធខ្លួនឯង រហូតដល់សន្លប់បាត់បង់ស្មារតី។
ករណីហិង្សាគួរឲ្យស្ពប់ខ្ពើមខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៦៖១៥នាទីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សមត្ថកិច្ច បានឲ្យដឹងថា ប្តីចិត្តខ្មៅរូបនេះ ឈ្មោះ ស រ៉េត អាយុ៤៥ឆ្នាំ ជាគ្រូបង្រៀន មុនពេលកើតហេតុ ផឹកស្រាស្រវឹង ហើយក៏កើតភ្លើងប្រចណ្ឌ បានវាយប្រពន្ធឈ្មោះ ហែម ស៊ីន អាយុ៣៧ឆ្នាំ បណ្ដាលឲ្យរងរបួសសន្លប់ស្ដូកស្ដឹង ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ភ្លាមៗ ចំណែកប្ដី ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍ផងដែរ៕