ក្រោយពីលោក សុខសុវណ្ណ វឌ្ឍនាសារពង្ស ប្រធានគណបក្សខ្មែរក្រោកប្រកាសបើកយុទ្ធនាការ «ស្នាមមេដៃមួយដើម្បីកោះត្រល់» ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៨ ខាងមុខនេះ នៅទីស្នាក់ការគណបក្សរួចមក។
មានប្រតិកម្មជាហូរហែទៅនឹងយុទ្ធនាការនេះ តួយ៉ាងលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ នេះ បានសរសេរក្នុងបណ្តាយសង្គមហ្វេសប៊ុកថា៖ បើទាមទារយកដីមកវិញបានគ្រាន់តែដើររកស្នាមមេដៃ គឺដីដែលបាត់បង់ទាំងប៉ុន្មាននឹងយកមកវិញបានទាំងអស់ហឹម..យ៉ាប់ណាស់មនុស្សល្ងង់ប៉ុន្តែធ្វើចេះ មិនចេះអ្វីទៅហៅថាច្បាប់អន្តរជាតិផងនឹង ចង់ល្បីពេកប្រយ័ត្នគុក Calling។
សូមរំលឹកថា គណបក្សខ្មែរក្រោក កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ បានចេញសេចក្តីជូនដំណឹងពីយុទ្ធនាការ ស្នាមមេដៃមួយដើម្បីកោះត្រល់ ដែលជាជំហានទី១ដើម្បីរៀបចំញត្តិប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ដោយឡែក លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភា ចាត់ទុកយុទ្ធនាការប្រមូលស្នាមមេដៃទាមទារកោះត្រល់ពីវៀតណាមមកវិញនេះ គឺជាសកម្មភាពក្នុងទិដ្ឋភាពនយោបាយសុទ្ធសាធ ហើយអះអាងថាកោះត្រល់មិនមែនបាត់ក្នុងជំនាន់រដ្ឋាភិបាលបច្ចុប្បន្ននេះទេ គឺត្រូវបានបាត់បង់តាំងពីមុនសង្គមរាស្ត្រនិយមមកម្ល៉េះ គឺជំនាន់អាណានិគមបារាំង។
ទាក់ទងនឹងយុទ្ធនាការនេះផងដែរ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា ការធ្វើកិច្ចការអ្វីក៏ដោយទាក់ទងនឹងសន្តិសុខជាតិ គឺត្រូវបានមានលិខិតស្នើសុំទៅអាជ្ញាធរឱ្យបានត្រឹមត្រូវ ដោយអនុវត្តទៅតាមច្បាប់បាតុកម្មដោយសន្តិវិធី។