ភ្នំពេញៈ រថយន្ត Ford មួយគ្រឿង បើកបរដោយបុរសម្នាក់ អះអាងថា ខ្លួនជាសមត្ថកិច្ច តែមិនប្រាប់អង្គភាព ឬស្ថាប័នឡើយ ក្នុងស្ថានភាពស្រវឹង បើកបររថយន្តល្បឿនលឿន វ៉ាជែងរថយន្តកុងតៃន័រ រេចង្កូតធ្លាក់ចិញ្ចើមផ្លូវម្ខាង ជ្រុលទៅបុកម៉ូតូសេ១២៥ បើកច្រាសទិស បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ហើយម្ចាស់រថយន្តមិនឈប់ទទួលខុសត្រូវឡើយ ហើយព្យាយាមបើករត់គេច រហូតដល់មុខផ្សារកាណាស៊ីធី ផ្លូវវេងស្រេង ទើបចាប់រថយន្តបាន រួមទាំងអ្នកបើកបរផងដែរ។
រថយន្តបង្កម៉ាក Ford ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-9687 បើកបរដោយបុរសស្រវឹងម្នាក់ អះអាងថា ខ្លួនជាសមត្ថកិច្ច ។ ចំណែកម៉ូតូរងគ្រោះ ម៉ាកហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FP-0394 បើកបរដោយបុរសម្នាក់ រងរបួសធ្ងន់ធ្ងរ។
អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ គេឃើញថយន្តបង្កបើកបរតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ល្បឿនលឿន ជែងគេជែងឯង លុះដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តកុងតៃន័រ ក៏រេចង្កូចធ្លាក់ចិញ្ចើមផ្លូវម្ខាងទៀត ទើបជ្រុលទៅបុកម៉ូតូជនរងគ្រោះច្រាសទិស បណ្តាលឲ្យដួលផ្លោងជាច្រើនម៉ែត្រ រងរបួសធ្ងន់ ហើយម្ចាស់រថយន្តមិនបានឈប់ទទួលខុសត្រូវឡើយ បានបន្ដែមល្បឿនបើករត់ គាប់ជូនកម្លាំងល្បាតរបស់ប៉ុស្តិ៍ភ្លើងឆេះរទេះឃើញ រួមជាមួយកម្លាំងប៉ុស្តិ៍ផ្សេងទៀត ដេញតាមរហូតដល់ផ្លូវវេងស្រេង មុខផ្សារកាណាស៊ីធី ទើបស្ទាក់ចាប់បាន ឃាត់ទាំងអ្នកបើកបរ ។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តគ្លីនិក រស្មី របស់អ្នកស្រី ខឹម រ៉ានី ដឹកយកទៅ ចំណែករថយន្តបង្ក និងម៉ូតូ រួមទាំងម្ចាស់រថយន្ត សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕