
ភ្នំពេញៈ រហូតមកទល់និងម៉ោងជាង១២ថ្ងៃត្រង់នេះ ផេកហ្វេសបុកផ្លូវការ នាយករដ្ឋមន្រ្តី ត្រូវបានយកមកគ្រប់គ្រងវិញ ហើយ បន្ទាប់ពីអ្នកជំនាញ បានព្យាយាម និងប្រឹងប្រែងមួយសន្ទុះ។
មន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា ចាត់ទុកថា ការ Hack Page នាយករដ្ឋមន្រ្តី គឺជាគោលបំណង ទុច្ចរឹត។
ថ្លែងបញ្ជាក់ជាមួយអង្គភាពសារព័ត៌មាន Cam Post លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអោយដឹងថា ពេលនេះ ផេកហ្វេសបុកសម្តេច ត្រូវបានយកមកវិញហើយ បន្ទាប់ពីក្រុមជំនាញ បានធ្វើការរួច។ លោក សុខ ឥសាន្ត បានចាត់ទុកថា ការ Hack Page ហ្វេសបុក សម្តេច គឺជាក្រុមចោរពានវាំង ក្រៅប្រទេស ដែលមានបំណងមិនល្អ ហើយក្រុមនេះ ប្រជាជនដឹងច្បាស់ហើយ គេមិនជឿនោះទេ។
សូមបញ្ជាក់ថា អ្នកគ្រប់គ្រង គេហទំព័រហ្វេសបុក សម្តេចតេជោ ហ៊ុន សែន លោក ដួង តារា នៅម៉ោង ១១:៤១នាទី ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ អង្គភាព សារព័ត៌មាន Cam Post មិនអាចទំនាក់ទំនង សុំការពន្យល់បានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល ក៏ប៉ុន្តែ លោកបានបំភ្លឺ ប្រាប់សារព័ត៌មាន ក្នុងស្រុកមុននេះថា “គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ត្រូវបានក្រុមជនអនាមិកលួចចូលទៅគ្រប់គ្រង (Hack) នៅប៉ុន្មាននាទីមុននេះ”។
ការបញ្ជាក់ដូច្នេះបន្ទាប់ពីផេក របស់នាយករដ្ឋមន្រ្តី ត្រូវបានចុះផ្សាយព័ត៌មានថា គណបក្សប្រជាជនកម្ពុជានឹងចែករំលែក ៤អាសនៈទៅគណបក្សផ្សេងទៀត ២អាសនៈ ជូនទៅគណបក្សសម្ព័ន្ធដើម្បីធិប្រជាធិបតេយ្យ និង២អាសនៈទៀតជូនទៅគណបក្សហ្វ៊ុនស៊ិនប៉ិច៕