header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្ដស៊េរីទំនើបម៉ាក Lexus RX570 ស្លាកលេខរដ្ឋ07 របស់ក្រសួងមហាផ្ទៃ បើកបរដោយបុរសម្នាក់ ទាំងស្ថានភាពស្រវឹងស្រាធ្លាក់ភ្នែកក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតឡើងសួនច្បារកណ្ដាលផ្លូវ រួចទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់១ដើម។ បន្ទាប់ពីបុករះ អ្នកបើកបរព្យាយាមបន្ថែមល្បឿន បើកត្រឡប់ក្រោយទាំងបែកកង់មុខម្ខាង បានប្រហែល៣០ម៉ែត្រ ស្រាប់តែផ្ទុះបែកកង់រថយន្តទាំង៣បន្ថែមទៀត ទើបបើកទៅមុខលែងរួច បង្កជាការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣៖០៥នាទីទៀបភ្លឺ ថ្ងៃពុធ ៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខវិទ្យាល័យឫស្សីកែវ លើកំណាត់ផ្លូវជាតិលខេ៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សាក្សីឃើញហេតុការណ៍ផ្ទាល់ ប្រាប់អ្នកសារព័ត៌មានខេមប៉ុស្ដិ៍ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Lexus RX 570 ពណ៌ស ពាក់ស្លាកលេខ រដ្ឋ07 2-8989 ជារថយន្តរបស់ក្រសួងមហាផ្ទៃ ដែលបើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក ធ្វើដំណើរទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿនដូចហោះ។ លុះធ្វើដំណើរដល់ចំណុចកើតហេតុ នៅមុខវិទ្យាល័យឫស្សីកែវ មិនដឹងជាយ៉ាងម៉េច រថយន្តបានរេចង្កូតបើកឡើងទៅលើសួនច្បារកណ្ដាលផ្លូវ រួចបុករះបង្គោលភ្លើងបាក់អស់មួយដើម តែអ្នកបើកបរមិនព្រមបញ្ឈប់រថយន្តទេ ដោយបានព្យាយាមបើកត្រឡប់ថយក្រោយទាំងបែកកង់ខាងមុខម្ខាង បានប្រហែល៣០ម៉ែត្រ ស្រាប់តែផ្ទុះបែកកង់រថយន្តទាំង៣បន្ថែមទៀត ទើបបើកទៅមុខលែងរួច។ រថយន្តបានរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ រីឯបង្គោលភ្លើងបាក់អស់១ដើម។

បន្ទាប់ពីកើតហេតុបន្តិចក្រោយមក គេបានឃើញបុរសម្នាក់ ដែលជាអ្នកបើកបររថយន្ត ចុះដើរទៅទិញបាកាសផឹកអស់មួយកំប៉ុង រួចដើរទៅប្រាប់សមត្ថកិច្ចថា គាត់មិនបានបើករថយន្តទៅបុកបង្គោលភ្លើងខាងលើនោះទេ។ គាត់ស្រែកឮៗថា គាត់មិនបានបុកបង្គោលភ្លើងទេ មានរថយន្តក្រុងមិនចាំស្លាកលេខមួយគ្រឿងទៀត ជាអ្នកបើកបុក ហើយបណ្ដាលឲ្យរលំបង្គោលភ្លើង លើរថយន្តរបស់គាត់។

យ៉ាងណា ក្រោយពេលកើតហេតុ ទោះបីអ្នកបើកបរព្យាយាមប្រកែកយ៉ាងណាក៏ដោយ តែជាក់ស្ដែងសមត្ថកិច្ចមូលដ្ឋាន បានឃាត់អ្នកបើកបររថយន្តបង្ក រួចរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង និងស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយចំពោះការខូចខាតទ្រព្យសម្បត្តិរដ្ឋតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post