header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ បង្កឡើងដោយរថយន្ត ឡ៊ិចស៊ីស RX400 ពាក់ស្លាកលេខ “នគរបាល” ដោយបានបើកទៅបុករ៉ឺម៉កលក់ពងទាកូនពីក្រោយពេញទំហឹង រួចរុញទៅបុកផ្ទប់ជាមួយរថយន្ត កាមរី ពាក់ស្លាកលេខ “នគរបាល” ដូចគ្នា និងរុញទៅបុកផ្ទប់ជាមួយកន្ទុយរថយន្តសណ្ដោងធុនធំ បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ម្នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១០៖១៥នាទីយប់ ថ្ងៃព្រហស្បត្តិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នេះ ស្ថិតនៅលើស្ពានព្រះមុនីវង្សថ្មី ឬស្ពានច្បារអំពៅថ្មី ស្ថិតក្នុងសង្កាត់ច្បារអំពៅ​១ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​។

សាក្សីឃើញហេតុការណ៍ ប្រាប់ឲ្យភ្នាក់ងារខេមប៉ុស្តិ៍ដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តកុងតឺន័រធុនធំសណ្ដោងកន្ទុយ (មិនចាំស្លាកលេខ) មួយគ្រឿង​ និងមានរថយន្ត Camry មួយគ្រឿង​ទៀត ពាក់ស្លាកលេខ នគរបាល​ 2-2836 និងមានបុរសម្នាក់ទៀត កំពុងបើក​ម៉ូតូរ៉ឺម៉កលក់ពងទានកូន បានធ្វើដំណើរឆ្លងស្ពានព្រះមុនីវង្ស ទិសដៅពីលិចទៅកើត។ លុះពួកគេធ្វើដំណើរមកដល់ចំណុចកើតហេតុ បានពាក់កណ្ដាលស្ពាន ខណៈកំពុងបើកតម្រង់ជួរបន្តបន្ទាប់គ្នានោះ ស្រាប់តែមានរថយន្ត Lexus RX400 មួយគ្រឿងទៀត​ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល 2-2114 បើកមកពីក្រោយក្នុងល្បឿនយ៉ាងលឿនដូចហោះ ស្របទិសគ្នាពីលិចទៅកើត ទៅបុកចំ​ម៉ូតូរ៉ឺម៉កលក់ពងទានកូនពេញទំហឹង បណ្ដាលឲ្យរ៉ឺម៉កក្រឡាប់ផ្ងារជើងម្ខាង ចាក់ទូកញ្ចក់ និងគ្រឿងពងទាកូនចោលពេញផ្លូវ ខណៈបុរសម្នាក់ ជាអ្នកបើករ៉ឺម៉កហោះប្លោងពីម៉ូតូ រងរបួសធ្ងន់ធ្ងរ។

បើតាមប្រភពដដែល បន្ទាប់ពីបុករ៉ឺម៉កលក់ពងទាកូនហើយ រថយន្តបង្កមិនទាន់អស់ល្បឿននោះទេ ដោយបានបន្តទៅបុករថយន្តកាមរីមួយគ្រឿងទៀត យ៉ាងពេញទំហឹង និងរុញទៅបុកផ្ទប់កន្ទុយសណ្ដោងរថយន្តធុនធំលាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តកាមរី រងការខូចខាតផ្នែកខាងមុខ និងខាងក្រោយខ្ទេចស្ទើរតែទាំងស្រុង។ រីឯបុរសដែលរងរបួសធ្ងន់ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន ហុងហាក់ ដឹកយកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ គេបានឃើញអ្នកបើកបររថយន្តបង្ក បានបើកទ្វារដើរចេញទៅបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។ ចំណែកភាគីរថយន្តកុងតឺន័រសណ្ដោងកន្ទុយមិនចង់មានរឿងវែងឆ្ងាយ ក៏បើកបន្តដំណើរទៅបាត់ដូចគ្នា។ រីឯមធ្យោបាយទាំងអស់ ត្រូវសមត្ថកិច្ចជំនាញចុះធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post