header ads

Sponsor

ពិសី

កណ្តាលៈ អំពើរហិង្សាមួយបានកើតឡើង បង្កដោយយុវជនពីរក្រុម បានចូលផឹកស៊ីនៅក្នុងហាង អឹម ដឺ បេសហ្វូត (PUB) ក្រុងតាខ្មៅ ទាក់មាត់ ឌឺដងដាក់គ្នា បានបើកឆាកប្រយុទ្ធ គប់កែវធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ភ្ញៀវ ដល់សមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្បែរនោះ នឹងបណ្តាលឲ្យយុវជនម្នាក់ បែកក្បាលហូរឈាមស្រោចពេញខ្លួន កាលពីវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្នុងហាង អឹម ដឺ បេសហ្វូត (PUB) ស្ថិតនៅក្រោយវិទ្យាល័យសេរីភាព ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។ ចំណែកក្រុមជនបង្កមានគ្នាច្រើនមិនទាន់ស្គាល់អត្តសញ្ញាណដែរ ។

បើតាមសាក្សីនៅក្បែរកន្លែងកើតហេតុ បានបង្ហើបឲ្យដឹងថា នៅមុនពេលកើតហេតុ មានយុវជនពីរក្រុម ដោយក្រុមជនរងគ្រោះមានគ្នាបីនាក់ និងក្រុមជនបង្កមានគ្នាច្រើន បានធ្វើដំណើរមកចូលផឹកស៊ីនៅហាងខាងលើ។ លុះមួយសន្ទុះក្រោយមកក្រុមទាំងពីរបានមើលមុខគ្នា និយាយឌឺដង ទាក់មាត់គ្នា ស្រាប់តែក្រុមទាំងពីរបានបើកឆាកប្រយុទ្ធគ្នា ដោយយកកែវស្រា ទាញគប់ដាក់គ្នា និងវាយគ្នាទៅវិញទៅមក ដោយក្រុមជនបង្កបានព្រួតគ្នា វាយនិងគប់កែវទៅលើក្រុមជនរងគ្រោះ បណ្តាលឲ្យបុរសម្នាក់ បែកក្បាល រយះជាច្រើនកន្លែង ហូរឈាមស្រោចពេញខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ បន្ទាប់មកក្រុមជនបង្កបានឡើងលើម៉ូតូនាំគ្នាជិះរត់គេចខ្លួនបាត់ មុនសមត្ថកិច្ចមកដល់កន្លែងកើតហេតុ។ ភ្លាមៗនោះជនរងគ្រោះក៏បានបញ្ជូនទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។ រីឯក្រុមជនបង្កសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវចាប់យកមកសួរនាំ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។

ពាក់ព័ន្ធនិងរឿងរ៉ាវខាងលើនេះដែរ ប្រជាពលរដ្ឋបានលួចបង្ហើបថា ទីតាំងហាង អឹម ដឺ បេសហ្វូត (PUB) បង្កហិង្សាវាយគ្នាស្ទើរជារៀងរាល់យប់តែម្តង ពេលដែលចាប់ផ្តើមបើកហាងនោះ ហើយបើនិយាយពីសម្លេងវិញ គឺក្រុមម្ចាស់ហាងទាំងនោះបើកសម្លេងលឺៗ រកតែពួកគាត់ដេកពុំបានទេ។ ពួកគាត់បានសំណូមពរទៅដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាជួយមានវិធានការកុំឲ្យមានការវាយតប់គ្នា និងសុំឲ្យម្ចាស់ហាងអស់ទាំងនោះបើកសម្លេងតិចៗផង ពីព្រោះបើកតាំងពីម៉ោង៧យប់ ទៅដល់ម៉ោង២ទាបភ្លឺក៏មានដែរ ។

សូមរំលឹកថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១១៖៣០នាទីយប់ នៅក្នុងហាង អឹម ដឺ បេស ហ្វូត ក្រុមក្មេងស្ទាវពីរក្រុមបានផឹកស៊ីនៅក្នុងហាង បានបង្កមានជម្លោះវាយតប់គ្នាទៅវិញទៅមក បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចក្រុងតាខ្មៅ ចុះទៅជួយអន្តាគមន៍ភ្លាមៗ ។

សាក្សីនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុក្រុមទាំងពីរ ពោលគឺភាគី(ក) និងភាគី(ខ) បានផឹកស៊ីនៅកន្លែងតែមួយ (អឹម ដឺបេសហ្វូត) អង្គុយតុក្បែរគ្នា ។ ស្របពេលនោះម្ចាស់ហាងបានហៅ ភាគីក និងភាគីខ មកផ្សះផ្សារជម្លោះតាំងពីកន្លងមក ដែលក្រុមទាំងពីរធ្លាប់មានជម្លោះ ដោយមិនចាំថ្ងៃ។ រួចភាគីទាំងសងខាង មិនបានស្តាប់តាមអ្វីដែលម្ចាស់ហាង ក៏បង្កជម្លោះវាយតប់គ្នា ផ្អើលអ្នកផឹកស៊ី(ភ្ញៀវ)រត់ពេញហាង ទើបសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ ។

ក្រុមទាំងពីរត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ នាំយកមកអធិការដ្ឋាន ដើម្បីធ្វើការសាកសួរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post