![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN0iw-t6msQz0bojTkZlmqSRnfkWzHPEjuNlgVYoCfsvmyGVOlUtJwBv__KaAv2YV0VUt_rwMzWq5Aszt1RnTerd-dV-iTN765fKsXNV5H0YOTF5-KGtwFoOZdVncqjh80bvk3he-JsMs/s1600/Thumbnail-Recovered.jpg)
សៀមរាបៈ នៅមុខប្រាសាទអង្គរវត្ត នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ ក្រសួងទេសចរណ៍ សហការជាមួយអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីប្រគល់ និងទទួលពានរង្វាន់ ពីតំណាងទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ (TripAdvisor) ដែលប្រាសាទអង្គរវត្តជាប់លេខ១ ជាសំណង់ប្រវត្តិសាស្រ្ដដ៏អស្ចារ្យបំផុត ក្នុងចំណោមសំណង់ប្រវត្ដិសាស្រ្ដល្បីៗ លើពិភពលោក សម្រាប់ឆ្នាំ២០១៨។ តំណាង TripAdvisor បានលើកឡើងថា ប្រាសាទអង្គរវត្តពិតជាមានតម្លៃដ៏មហាសាល និងមានភាពអស្ចារ្យបំផុត ដែលស័ក្ដិសមនឹងទទួលបានពានរង្វាន់នេះ ។
ក្នុងពិធីប្រគល់ និងទទួលពានរង្វាន់នៅបរិវេណមុខប្រាសាទអង្គរវត្ត តំណាង TripAdvisor លោកស្រី សារ៉ា ម៉ាធ្យស៍ បានលើកឡើងថា ការផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ប្រវត្តិសាស្រ្ដដ៏អស្ចារ្យបំផុត សម្រាប់ឆ្នាំ២០១៨នេះ ធ្វើឡើងតាមរយៈការស្រង់មតិរយៈពេល១២ខែ លើចំណាប់អារម្មណ៍ និងទស្សនៈរបស់អ្នកទេសចររាប់លាននាក់ ជុំវិញពិភពលោក កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl0gAW0GgVliL9pqDWIamybrDveChhH0lrr0lH7ItzTx22eSyT74h14AKrIs4dRrbbSShzQyA_7h4itwoJ1nLfeHEQUtuQMRYQx1O-1i8K1zREv6e5i8rdK3jAnTqrrPNIkkx3Tsed2TM/s1600/554215002.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjgfdzdf-eg8rJGy1mBoKoXlopTVUXYdwd1WaQFg-nmD83zL2VXfDBHlQyog4V6m3wJY9ZVJ-Dx_ZmEGjwg_-sYs6ARNzGNJ9KDE6z5rtoblDnxWeoHxQ8HWyJfnRN3wfXoRvSBiA21rA/s1600/554215003.jpg)
លោកស្រីបន្ថែមថា ចំណុចពិសេសដែលលោកស្រីចាប់អារម្មណ៍លើប្រាសាទអង្គរវត្តនោះ គឺសំណង់ស្ថាបត្យកម្ម ទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច ដែលមានពណ៌មាស ជិះរស្មីភ្លឺចែងចាំងប៉ះសំណង់ប្រាសាទ ដែលធ្វើឲ្យអង្គរវត្តមានភាពអស្ចារ្យក្នុងអារម្មណ៍ភ្ញៀវទេសចរគ្រប់រូប ។
លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានបង្ហាញសុទិដ្ឋិនិយម តាមរយៈការទទួលបានពានរង្វាន់នេះ ដែលនឹងធ្វើឲ្យទេសចរកាន់តែច្រើនទៀត ចង់ស្គាល់ និងធ្វើដំណើរមកទស្សនាប្រាសាទអង្គរវត្ត។ ជាមួយគ្នានេះ លោកក៏បានរម្លឹកពីការងារ និងការខិតខំប្រឹងប្រែងជាច្រើន របស់អាជ្ញាធរជាតិអប្សរា លើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ តាំងពីពេលបង្កើតស្ថាប័នអាជ្ញាធរជាតិអប្សរា រហូតមកដល់ទល់នឹងបច្ចុប្បន្ន ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCdGaiZr_qe4Y2C5vZ3_XoOht2yaKdTlSTjw-lPJYGEsgShMDCsDlwYNGdLDXw2u06_QVj24MJqdqtW1rDfyPp6wdBAVMmwHb31aciSNmlb8FFqLXdyeeakDrs_s6ANE2ci8CPHMY154M/s1600/554215004.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWngXRyrkhImbhzOApGPtReWR782jEMkNs5K8W-cFsH8vV-Ubwge-s9xqN8Qy6T4G5mseuhack8b0r2iyz7i2oJXFt82TK6W4LqqGx939NjKeusgBtvDUnU3s6-lHUEnkkBqYCSsXBP9w/s1600/554215005.jpg)
រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងថា ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ពិតជាមិនអាចកាត់ផ្តាច់ចេញពីការបង្កើនភាពទាក់ទាញរបស់កម្ពុជា ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ប្រកបដោយគុណភាព ទាំងកម្រិតតំបន់ និងពិភពលោក ព្រមជាមួយការដឹកនាំប្រកបដោយភាពវៃឆ្លាត។ លោកបន្ថែមថា ក្រសួងទេសចរណ៍ បេ្ដជ្ញាចិត្តបន្តដឹកនាំវិស័យទេសចរណ៍កម្ពុជា ឲ្យកាន់តែរីកចម្រើន ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ហើយអំពាវនាវដល់ភាគីពាក់ព័ន្ធ ចូលរួមដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2fdi-T94TuPi7UhoscKFqVI9s3bYlyB9l9OrbtUt43Q-gTe4CIDEoboOysN6K9k-nCTwBzlmpfseSFaws1he_8tI1FpmWTDu8bTiyz6ctF6fwI3Ghuwq40VcY8EkcgQtUKwedD9zunqE/s1600/554215009.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTaHEStMMWpZjbDm2wz4cZQp-l5OeTdMdPd0mPxGv05JVU_q1Mu0Oznni4Ik06Dzla-sEVOeyUmkNdN7RFWJqE2_PWr4sgGm-PhjEaDBzZgpF78a-AazIKfvLIoc0slKpY7IMwKi4P4PM/s1600/5542150011.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYZhjohozyMIClGNKe9GxjVA89_2NzfjPpHb3CWLoO7CRvAwgIo0gIcHVUryFp88xM5A5-oeVXK5imLlFrvAk10X8azZhrL1VJzDA-UCJU2qFh_aX5xh1TjKsEDEoe1U28FltuTUgRJig/s1600/5542150013.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL8S9O2GXNSeXPCeGAbiT0GGQ9ew29CJghSrCqLcPb1CuSx7xB5i2uNBjxOLTfz8FR3rCJ0n2zepso-8LZ_OWFyKK4ydQsuxcoqR7p8LEkZ0tzFGDTWUpLZ4gH4Vyptl62kJE_BHFf3XE/s1600/5542150014.jpg)