header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្ត្រីជំនាញសុវត្តិភាពម្ហូបអាហារ នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានលើកឡើងថា គិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០១៨នេះ ចំពោះបញ្ហាម្ហូបអាហារ ដែលមានសារធាតុគីមី និងខុសបច្ចេកទេស មានការថយចុះ និងមិនសូវមានដាក់លក់នៅក្នុងទីផ្សារ ខណៈដែលអាជីវករមានការយល់ដឹងច្រើនជាងមុន ។

នៅក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ អប់រំ និងផ្សព្វផ្សាយ ពីសុវត្តិភាពម្ហូបអាហារ នៅផ្សារទំនប់ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨  លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានលើកឡើងថា ដោយមន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យ និងចុះមកផ្សព្វផ្សាយជូនដល់អាជីវករ នៅតាមទីផ្សារនានា ក៏ដូចជានៅក្នុងផ្សារទំនប់នេះ ជាច្រើនលើក ហើយអាជីវករដែលលក់ដូរនៅក្នុងផ្សារនេះ បានមានការយល់ដឹងច្រើនជាងមុន ហើយបានធ្វើការកែតម្រូវមកចេះគិតគូរពីសុខភាព របស់អតិថិជនឡើងវិញ ។

លោកបន្តថា ដោយកន្លងមក មន្ត្រីជំនាញបានធ្វើការណែនាំដល់អាជីវករទាំងអស់ អំពីផលប៉ះពាល់មកលើមនុស្ស ដែលបណ្តាលមកពីម្ហូបអាហារ ដែលមិនមានគុណភាព ដើម្បីឲ្យអាជីវករគ្រប់រូប បានគិតគូពីសុវត្តិភាពរបស់អតិថិជនរបស់ខ្លួន ដោយមិនធ្វើការដាក់បន្ថែមនូវសារធាតុគីមី រឺទំនិញហួសកាលបរិច្ចេទ ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ លោកបញ្ជាក់ថា មន្ត្រីជំនាញកាំកុងត្រូល នៅគ្រប់បណ្តាសាខាទូទាំងប្រទេស និងធ្វើសកម្មភាពចុះត្រួតពិនិត្យ ដូចភ្លៀងរលឹម ដើម្បីស្វែងរក និងតាមបង្កា្របឲ្យបាននូវការផលិត ដែលផ្ទុយពីច្បាប់អនុញ្ញាត និងការបង្កហានិភ័យដល់សុខុមាលភាពប្រជាពលរដ្ឋ ។

ជាមួយគ្នានេះដែរ មន្ត្រីជំនាញបានធ្វើការណែនាំ ដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត អ្នកនាំចូល ចែកចាយ ត្រូវតែស្គាល់ពីប្រភពច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់ ហើយត្រូវបញ្ចប់ការលាយបន្ថែម នូវសារធាតុគីមីឃាត់ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នា រវាងគ្រឿងប្រើប្រាស់ដែលផ្ទុកសារធាតុពុល និងម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម ។

ជាមួយគ្នានោះ អាជីវករលក់ដូរនៅក្នុងផ្សារទំនប់ បានសម្តែងនូវការសប្បាយរីករាយ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីជំនាញកាំកុងត្រូល ដែលបានចុះធ្វើការត្រួតពិនិត្យ នូវទំនិញ ម្ហូបអាហារ ដែលដាក់លក់នៅក្នុងផ្សាររបស់ខ្លួន ដើម្បីបង្ហាញពីគុណភាព និងអនាម័យជូនដល់អតិថិជន ។

លោកស្រីបានធ្វើការសន្យា និងធ្វើការណែនាំដល់សមាជិកក្រុមគ្រួសារទាំងអស់ ឲ្យចូលរួមសហការជាមួយមន្ត្រីជំនាញ ក្នុងការគិតគូរពីសុខភាពរបស់អ្នកប្រើប្រាស់ តាមរយៈការមិនដាក់លាយនូវសារធាតុហាមឃាត់ និងមិនដាក់លក់នូវផលិតផលដែលគ្មានគុណភាព និងហួសកាលបរិច្ចេតជាដើម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post