header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ ជារឿងកម្រកើតឡើងដែលវត្ថុតាងរថយន្តសាំយ៉ុងដឹកឈើ១គ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-4654 បានផ្ទុកឈើប្រណីតខុសច្បាប់ ជាង១ម៉ែត្រគូប កាលពីវេលាម៉ោង១០និង១១នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ស្ទាក់ចាប់បង្ក្រាបបាន ហើយបានប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើចាត់បន្តតាមនីតិវិធី ប៉ុន្តែរថយន្តដឹកឈើខាងលើនេះ ត្រូវបានចោរលួចចេញពីផ្នែករដ្ឋបាលព្រៃឈើបរកែវបាត់ទៅហើយ។

ពាក់ព័ន្ធករណីខាងលើនេះ លោក ខៀវ ចន្ទី នាយសង្កាត់រដ្ឋបាលព្រៃឈើអូរយ៉ាដាវ បានប្រាប់អ្នកសារព័ត៌មាននៅព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ថា ពិតជាបាត់រថយន្តសាំយ៉ុង១គ្រឿង ដែលជាវត្ថុតាងដឹកបទល្មើសព្រៃឈើពិតប្រាកដមែន ។

លោកថា ភ្លាមៗនោះ បន្ទាប់ពីបានបាត់រថយន្តនេះ នៅកន្លែងលោករួចមកគឺលោកបានដាក់ពាក្យប្តឹងទៅលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តភ្លាមផងដែរ ។

នៅក្នុងពាក្យបណ្តឹងនោះដែរ លោក ខៀវ ចន្ទី នាយសង្កាត់រដ្ឋបាលព្រៃឈើបានដាក់ការសង្ស័យទៅលើម្ចាស់រថយន្ត ជាអ្នកមកលួចតែម្តង ព្រោះធ្លាប់បានទំនាក់ទំនងមកលោកជាមេព្រៃ តាមលេខទូរស័ព្ទ ០៩៧-៨៥០៩ ០២២ ក្នុងថ្ងៃទី១៦ ខែសីហា (ថ្ងៃកើតហេតុ) មក លោកដើម្បីសុំបំពេញឯកសារតាមច្បាប់ ។

ប្រភពព័ត៌មានផ្សេងទៀតបានលួចបង្ហើបប្រាប់ឲ្យដឹងថា កន្លែងផ្នែករដ្ឋបាលព្រៃឈើបរកែវមានព័ទ្ធរបងថ្មជុំវិញបរិវណ និងទ្វារដែកចេញ ចូលត្រឹមត្រូវ ហេតុអ្វីបាត់វត្ថុតាងហ្នឹង ងាយស្រួលលួចទៅយ៉ាងនេះ ? ម្យ៉ាងវិញទៀត បើដឹងកន្លែងនោះ គ្មានសុវត្ថិភាព ហេតុអ្វី មិននាំវត្ថុតាងមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត? ។

ជុំវិញករណីខាងលើនេះដែរ មជ្ឈដ្ឋានទូទៅនៅក្នុងខេត្តរតនគិរី បានរិះគន់ថា បើខ្មោចស្រុកមិនឲ្យដៃ ក៏ខ្មោចព្រៃមិនហ៊ានចូលលួចដែរ ពោលគឺមានការសង្ស័យស៊ុំគ្រលំគ្នាក្នុងផលប្រយោជន៍ណាមួយ ទើបបាត់វត្ថុតាងស្រស់ៗបែបនេះ ។

លោក ខៀវ ចន្ទី នាយសង្កាត់រដ្ឋបាលព្រៃឈើមិនបានបញ្ជាក់ពីអត្តសញ្ញាណម្ចាស់រថយន្តថា មានឈ្មោះអ្វីនោះទេ ទោះបីអ្នកសារព័ត៌មាន បានជជីកសួរនាំយ៉ាងណាក៏ដោយ ក៏លោកនៅតែមិនប្រាប់។

គួររំលឹកផងដែរថា សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើបរកែវ មិនដែលមានឆន្ទៈក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសព្រៃឈើ ដែលបានធ្វើចរាចរឆ្លងកាត់មុខផ្នែករដ្ឋបាលព្រៃឈើនោះឡើយ។

ចំណែកកម្លាំងប៉េអឹមលើផ្ទៃប្រទេស បានសហការជាមួយកម្លាំងប៉េអឹមស្រុកអូរយ៉ាដាវ ដែលបានបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើមួយគ្រឿងហើយ ប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្ត ប៉ុន្តែសមត្ថកិច្ចទាំងនោះ បានរង់ចាំអស់ជាច្រើនម៉ោងទម្រាំដាច់ចិត្តមកទទួលយករថយន្ត១គ្រឿងនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post