header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបងៈ ឃាតកឈាមស្រស់២នាក់ ដែលបានបាញ់សម្លាប់គូទំនាស់ក្នុងរឿងស្នេហាត្រីកោណ ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង សហការជាមួយក្រុមតម្រួតថៃ តាមចាប់ខ្លួនយកមកវិញ ដើម្បីផ្តន្ទាទោសតាមច្បាប់ បន្ទាប់ពីឃាតកទាំង២ បានរត់ទៅសម្ងំលាក់ខ្លួននៅក្នុងប្រទេសថៃ អស់រយៈពេលប្រមាណជាង១០ថ្ងៃ។

ប្រតិបត្តិការតាមចាប់ឃាតកខាងលើ ដឹកនាំដោយលោក ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបាត់ដំបង និងលោក ឈឿន គឹមសុង នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដោយចុះសហការជាមួយកម្លាំងតម្រួតថៃ តាមរុករកមុខសញ្ញាសង្ស័យទាំងពីរ ដែលជាឃាតកបាញ់សម្លាប់បុរសម្នាក់ ជាអ្នកបើករថយន្តដឹកទឹកកកលក់ រស់នៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

ការបាញ់សម្លាប់មនុស្សដោយគ្មានមូលហេតុនេះ ត្រូវបានប្រភពជាច្រើនសន្និដ្ឋានថា ជារឿងស្នេហាត្រីកោណ ដោយសារតែជនរងគ្រោះ ទើបនឹងរៀបការថ្មោងថ្មី ហើយការបើករថយន្តមកឈប់ពាំងពីមុខរថយន្តដឹកទឹកកក ដើម្បីបាញ់សម្លាប់នេះ បានប្រព្រឹត្តឡើងនៅចំណុចវាលអន្ទង់ស ស្ថិតក្នុងភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ។ បន្ទាប់ពីធ្វើសកម្មភាព ដៃដល់បានឆ្លងដែនគេចទៅសម្ងំលាក់ខ្លួននៅក្នុងប្រទេសថៃ។

លុះរហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ជនសង្ស័យទាំងពីរ ត្រូវបានចាប់ខ្លួននៅខេត្តច័ន្ទបុរី ហើយភាគីថៃ បានធ្វើការប្រគល់​មកឲ្យសមត្ថកិច្ចកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ដែលដឹកនាំឧត្តមសេនីយ៍ត្រី ជេត វណ្ណនី។

ជនសង្ស័យទាំង២ រួមមាន ១-ឈ្មោះ ប៊ុន ពន្លក ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជានិស្សិតពេទ្យ ស្រុកកំណើតភូមិត្រោក ឃុំប្រធាតុ ស្រុកកំពង់ត្របែង ខេត្តព្រៃវែង និង២-ឈ្មោះ ហួន វាសនា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាជាងជួសជុលរថយន្ត ស្រុកកំណើតនៅភូមិគ្រើល ឃុំអន្សោង ស្រុកកំពង់ត្របែង ខេត្តព្រៃវែង។

បើតាមសមត្ថកិច្ច ជនសង្ស័យទាំងពីរ អាចនឹងត្រូវរងការចោទពីបទ ឃាតកម្មដោយចេតនា គិតទុកជាមុន ហើយបច្ចុប្បន្នពួកគេកំពុងត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរបន្ថែម និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post