
ការស្លាប់របស់ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ជា លោកវេជ្ជបណ្ឌិត Beat Richner បានធ្វើអោយប្រជាជនកម្ពុជាស្ទើរទូទាំងប្រទេសសម្តែងការសោកស្តាយយ៉ាងខ្លាំង។
ចំណែកលោក តាន គឹមសួរ ដែលអ្នកនិយមលេងហ្វេសប៊ុក បានស្គាល់ថាជាបុគ្គលមួយរូបតែងតែផលិតវិដេអូខ្លីៗបែបអប់រំ ក៏បានសម្រេចចិត្តចាប់ដៃគ្នាជាមួយលោក អាចារ្យ ធំ រួមជាមួយវិចិត្រករសូនរូបដៃឯក Kamong Dong ដើម្បីសូនរូបសំណាក់លោក វេជ្ជបណ្ឌិត Beat Richner អំពីស្ពាន់ជូនខាងមន្ទីរពេទ្យគន្ធបុប្ជា ដើម្បីដាក់តាំងទៀតផង។
ក្នុងនោះលោក តាន គឹមសួរ បានរៀបរាប់ថា៖ “ខ្ញុំនិងលោក អាចារ្យធំ នគររាជ នឹងរួមសហការគ្នាជាមួយវិចិត្រករសូនរូបដៃឯក Kamong Dong ដើម្បីធ្វើរូបសំណាកវិរបុរសខ្មែរ Dr. Beat Richnerអំពីស្ពាន់ ជូនមន្ទីពេទ្យគន្ធាបុប្ផាជាការបង្ហាញឲ្យឃើញថាកូនខ្មែរគ្រប់រូបគឺមានបេះដូងគោរពស្រឡាញ់ដឹងគុណ និងសោកស្តាយបំផុតចំពោះការបាត់បង់និមិត្តរូបមួយនេះ ពួកយើងនឹងចងចាំអំពើល្អរបស់លោកអស់មួយជិវិត។ រូបរាងកាយរបស់លោកបានចាកចោលពួកយើងក៏ពិតមែន តែវិញ្ញាណដួងព្រលឹងរបស់លោកនៅតែឋិតថេរតាមថែរក្សាកុមារកម្ពុជាជារៀងរហូត។ លោកជាសាសន៍ដទៃទេ តែបេះដូងរបស់លោកចំពោះកុមារកម្ពុជាគឺមានទំហំធំធេងខ្លាំងណាស់ លោកបានលះបង់ច្រើនណាស់ទៅហើយ លោកហត់នឿយខ្លាំងពេកហើយ”៕

នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា លោក ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងក្នុងពេលចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកសាស្ដ្រចារ្យ Beat Richner នាទីស្ដីការក្រសួងសុខាភិបាលថា «ចាប់ពីម៉ោង៩៖០០ព្រឹកនេះតទៅ ប្រជាពលរដ្ឋយើង អាចមកអុជធូបគោរពវិញ្ញាណក្ខន្ធលោក ដើម្បីតបគុណជាលើកចុងក្រោយបាន នៅមន្ទីរពេទ្យគន្ធបុប្ផា យើងខ្ញុំមានបុគ្គលិកចាំទទួលជានិច្ច»។

