តាកែវៈ ប្តីប្រមឹកម្នាក់ បានឈ្លោះទាស់ទែង វាយដំលើប្រពន្ធ បំផ្លិចបំផ្លាញទ្រព្យក្នុងផ្ទះអស់មួយចំនួន ហើយតែមទាំងយកប្រេងម៉ាស៊ូតចាក់ បម្រុងដុតផ្ទះទៀតផង តែសំណាងបានអ្នកជិតខាងជួយទាន់កុំអីដេកវត្ត។
ករណីហិង្សាបង្កដោយប្ដីប្រមឹកខាងលើនេះ បានកើតឡើងកាលពីម៉ោង៧៖៣០នាទីយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិស្វាយអំពារ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។
ប៉ូលិសស្រុកទ្រាំង បានប្រាប់ឲ្យដឹងថា ករណីហិង្សាក្នុងគ្រួសារខាងលើនេះ បង្កឡើងបុរសជាប្តីឈ្មោះ អ៊ុ អូន អាយុ៤១ឆ្នាំ មុខរបរកសិករ បានវាយតប់ប្រពន្ធឈ្មោះ ណី ថាវី អាយុ៣៨ឆ្នាំតែពុំមានរបួសស្នាមនោះទេ។ ក្នុងសកម្មភាពនោះដែរ ជនសង្ស័យបានបោកចាន បោកទូរទស្សន៍ វាយបំបែកទ្វារកញ្ចក់ផ្ទះអស់ពីរផ្ទាំង រួចយកប្រេងម៉ាស៊ូតនៅផ្ទះខ្លួនចាក់ពង្រាយក្នុងផ្ទះដុតឆេះអស់ពូកមួយ ភ្លាមៗនោះមានអ្នកជិតខាងជួយពន្លត់ទាន់កុំអីឆេះផ្ទះអស់ខានប្រពន្ធកូនរស់នៅ។
ក្រោយកើតហេតុកម្លាំងប៉ូលសបានចុះដល់ទៅឃាត់ខ្លូនបុរសជាប្ដី និងដកហូតពីដុងប្រេងមួយ ដែកកេះមួយ តាមពាក្យបណ្តឹងស្ត្រីជាប្រពន្ធ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕